|

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័ត៣២,៥លានដុល្លារ ដើម្បីជំរុញសេវាសុខភាពនៅព្រំដែនប្រទេសកម្ពុជា


ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន ជារឿយៗមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពសម្រាប់ប្រជាជនដែលចំណាកស្រុក និងអ្នកចេញចូលតាមព្រំដែននោះទេ។ ជាក់ស្ដែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅពេលដែលពលករចំណាកស្រុក ធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមព្រំដែនដីគោកជាមួយប្រទេសថៃ អ្នកទាំងនោះភាគច្រើនត្រូវបានរកឃើញថាមានករណីឆ្លងយ៉ាងច្រើនលើសលប់ ដែលតម្រូវឱ្យមានការធ្វើចត្តឡីស័ក និងសម្រាកព្យាបាលមុនពេលទៅដល់ផ្ទះ។

ដោយមើលឃើញពីបញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាពក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ សេវាសុខភាពនេះ ជាមជ្ឈមណ្ឌលសម្រាប់ជនចំណាកស្រុកចេញចូល និងអ្នកដែលកំពុងស្វែងរកការងារធ្វើនៅក្នុងខេត្តនេះ។ 

គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គកម្ពុជា (GMS) នឹងពង្រីកការគ្របដណ្តប់លើការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុក និងសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។  គម្រោងនេះនឹងពង្រីកកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥.៥ លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកការការពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មការផ្តល់សេវាសុខភាពឆ្លងកាត់ព្រំដែន រួមទាំងការណែនាំកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុក។

អ្នកជំនាញផ្នែកសង្គមជាន់ខ្ពស់របស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ Rikard Elfving មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មនៅទូទាំងមហាអនុតំបន់មេគង្គបានជំរុញកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងនេះ ក៏មានចលនាកាន់តែច្រើនរបស់មនុស្សក្នុងការស្វែងរកការងារ និងទទួលបានឱកាសកាន់តែប្រសើរ” ។  ដោយឡែក វាក៏បានបង្កើតនូវបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការផ្លាស់ទីញឹកញាប់របស់មនុស្ស ជាពិសេសសម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ”។

បណ្តាប្រទេស GMS បានឯកភាពរួមគ្នា​ លើតម្រូវការក្នុងការពង្រឹងការការពារសហគមន៍ងាយរងគ្រោះពីផលប៉ះពាល់សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់អាទិភាពដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន។  ការវិនិយោគលើប្រព័ន្ធសុខភាព នឹងជួយសម្រួលដល់ការបន្តការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែលមានសារៈសំខាន់ចំពោះការស្តារឡើងវិញក្រោយ COVID-១៩ របស់អនុតំបន់។

គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ នឹងផ្អែកលើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀនពីការឆ្លើយតបរបស់កម្ពុជាចំពោះ និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ផងដែរថា ADB គឺជាអនាធារអភិវឌ្ឍក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ក្នុងបេសសកម្មលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅអាស៊ី រួមបញ្ចូល ភាពធន់ និងនិរន្តរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ភាពក្រីក្រ៕

ដោយ៖ Phat koemchhe
ប្រភព៖ India Education