|

សម្ដេច ហ៊ុន សែន៖ ការបំពានគោលការណ៍របស់អង្គការយូណេស្កូ គឺនឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គររបស់យើង ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក


មានប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល កម្ពុជា និងបានស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ។

សម្ដេច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវបំផុតសម្រាប់ការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិយើង។ ផ្ទុយទៅវិញ ប្រសិនបើមានការបំពានគោលការណ៍របស់អង្គការយូណេស្កូ គឺនឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គររបស់យើង ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ស្ថិតក្នុងឱកាសនេះ សម្ដេច ក៏បានណែនាំឱ្យមានការពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង ហើយសង្ឃឹមថាពលរដ្ឋនឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរកំពុងរៀបចំអភិវឌ្ឍតំបន់ថ្មីនេះ ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាក់ស្ដែង ផ្នែកអគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ដោយចំណាយថវិកាប្រមាណជា ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។ សម្ដេចតេជោបន្ដថា អគ្គិសនីនឹងដាក់ទីស្នាក់ការអគ្គីសនីនៅតំបន់រុនតាឯកនេះ  ខណៈរាជរដ្ឋាភិបាល ប្រគល់ដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនីនៅតំបន់នេះ៕

ប្រភព៖ Samdech Hun Sen, Cambodia Prime Minister