«ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគត ជាការវិនោយោគលើការអភិវឌ្ឍលើសេដ្ឋកិច្ចសង្គម និងជាការវិនិយោគលើសន្តិសុខរបស់ប្រទេសជាតិ»


នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

នេះជាទិវាប្រកបដោយនក្ខត្តឬក្ស ដែលជាខួបលើកទី២៥នៃទិវាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍នៅក្នុងការអបអរពិធីនាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន បានលើកឡើងថា «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគត គឺជាការវិនោយោគលើការអភិវឌ្ឍលើសេដ្ឋកិច្ចសង្គម និងជាការវិនិយោគលើសន្តិសុខរបស់ប្រទេសជាតិ»។

យោងតាមឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពជាបាននឹងកំពុងប្ដេជ្ញាចិត្ត ដើម្បីធ្វើបដិ​វត្តកម្មការអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាពក្នុងដំណើរការនៃការផ្លាស់ប្ដូរ​ ដែលប្រកបដោយភាពស្មុគស្មាញក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ។ ជាពិសេសក្នុងអំឡុងពេលនៃការស្ដារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនទាន គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។

គ្រូបង្រៀន គឺជាក្បាលម៉ាស៊ិន​នៃប្រព័ន្ធអប់រំ ដែលបានខិតខំប្រឹងប្រែងតាមគ្រប់រូបភាព ដើម្បីធានាបាននូវអនាគតល្អនៃយុវជនកម្ពុជា។ តួនាទី និងប្រសិទ្ធិភាពនៃការបំពេញការងាររបស់គ្រូបង្រៀន បានរួមចំណែកដែលមិនអាចខ្វះបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមធម៌ គុណធម៌ បរិយាប័ន្ន និងគុណភាព ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ដូច្នេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា បានលើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារកម្ពុជា និងយុវជន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ MoEYS Cambodia