ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេដាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ


យោងទៅតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង ២១០,១២២នាក់ ខេត្តសៀមរាប ១៤៣,៤៧០នាក់ ខេត្តកែប ១១៦,៧៧៦នាក់ ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់ ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់ ខេត្តកំពង់ចាម ៧៩,៥៧៤នាក់ ខេត្តកំពត ៧៧,៥៤៨នាក់ ខេត្តកណ្តាល ៥៤,៥៤៦នាក់ ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់ និងខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

តួលេខនេះមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia