សុខ រិទ្ធីហ្សាដែន និស្សិតបរិញ្ញាបត្រភាសាថៃបង្ហាញការយល់ឃើញពីភាពចាំបាច់នៃជម្រើសចម្រុះភាសាដែលនិស្សិតគួរទទួលបាន

ក្រៅអំពីភាសាជាតិ ចំណេះដឹងខាងភាសាអន្តរជាតិ ជារឿងមួយដែលយុវជននាយុគសម័យទំនើបមិនគួរមើលរំលង ព្រោះវាជាគន្លឹះដ៏សំខាន់មួយក្នុងការអភិវឌ្ឍខ្លួន ពង្រីកចំណេះដឹងជាសាកល ផ្សារភ្ជាប់ទៅនឹងវប្បធម៌ចម្រុះ ឆ្លើយតបទៅនឹងលក្ខខណ្ឌសង្គម និងតម្រូវការជាក់ស្ដែង។

យុវនិស្សិត សុខ រិទ្ធីហ្សាដែន ជានិស្សិតឆ្នាំទី៣ សិក្សានៅសាកលវិទ្យាល័យ រាងសិត (Rangsit University) ប្រទេសថៃ បានបង្ហាញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ទាក់ទងនឹងការសិក្សាភាសាបរទសថា៖

«ខ្ញុំយល់ថាយុវជនសម័យនេះ មានការយល់ដឹងច្រើន មានចក្ខុវិស័យវែងឆ្ងាយលើការកំណត់ជោគវាសនារបស់ខ្លួន និងមានឆន្ទៈក្នុងការនាំខ្លួនឯងទៅកាន់តែឆ្ងាយពីអ្វីដែលគាត់ធ្លាប់បានឃើញ។ ទន្ទឹមនឹងការផ្ដល់អាទិភាពខ្លាំងលើការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេស នាំឱ្យសិស្ស និស្សិត និងយុវជនជំនាន់ក្រោយទទួលបានឱកាសកាន់តែច្រើន ពិសេសគឺពង្រីកសមត្ថភាពយល់ដឹងកាន់តែទូលំទូលាយលើភាសាអន្តរជាតិ»។ 

លោក សុខ រិទ្ធីហ្សាដែន បន្តថា «ខណៈដែលមានភាពសម្បូរបែបនៃជំនាញភាសាបរទេសដែលសាកលវិទ្យាល័យនីមួយៗបានផ្តល់ឱ្យ សិស្សនិស្សិតអាចមានឱកាសកាស និងជម្រើសល្អៗច្រើនសម្រាប់កសាងអនាគតរបស់ពួកគេ។ ជាក់ស្ដែង សិស្ស និស្សិតអាចជ្រើសរើសមុខជំនាញភាសាបរទេសដែលគេស្រលាញ់ចូលចិត្តដើម្បីសិក្សា ហើយអាចទាញប្រយោជន៍ពីចំណេះដឹងដែលពួកគេទទួលបាន»។

យុវនិស្សិតរូបនេះ បានបញ្ជាក់បន្ថែម៖«ហេតុផលសំខាន់ដែលយើងចាំបាច់មានការយល់ដឹងពីភាសាដទៃពីលើចំណេះដឹងខាងភាសាជាតិ ពីព្រោះវាជួយឱ្យប្រសើរឡើងក្នុងទស្សនៈវិស័យការងារ មានលទ្ធភាពចូលទៅដល់ទីផ្សារការងារដ៏ធំ មានជម្រើសដ៏ល្អសម្រាប់ខ្លួនឯង​​បន្ទាប់ពីបញ្ចប់ការសិក្សា។ មួយវិញទៀត ទទួលបានបទពិសោធន៍ដ៏សម្បូរបែបក្នុងទំនាក់ទំនងនៃការរស់នៅ បង្កើនមិត្តភាព ចែករំលែកចំណេះដឹងថ្មីៗ ងាយស្រួលក្នុងការស្រាវជ្រាវឯកសារនានាជាភាសាបរទេស និងការសិក្សាផ្សេងៗមិនថាក្នុង ឬក្រៅប្រទេស។ ជាមួយគ្នានេះ វាក៏អាចបម្រើជាប្រយោជន៍ចំពោះសង្គមជាតិ កាលណាធនធានមនុស្សយើងមានការយល់ដឹងលើភាសាអន្តរជាតិកាន់តែច្រើន យើងមានភាពងាយស្រួលក្នុងការទំនាក់ទំនងកិច្ចការសំខាន់ៗនានា ការផ្សព្វផ្សាយវប្បធម៌ អរិយធម៌​ និងបង្កើតទីផ្សារការងារដល់ប្រជាជនក្នុងតំបន់ និងលើពិភពលោកផងដែរ»។

ដោយ៖ ផាត់​ គឹមឆែ