ព្រឹកថ្ងៃទី២២នេះ ជាថ្ងៃប្រកាសសាលដីការចុងក្រោយរបស់សាលាក្តីខ្មែរក្រហមទៅលើលោក ខៀវ សំផន
យោងតាមផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថាព្រឹកនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទឈ្មោះ ខៀវ សំផន។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «នេះជាការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រ ដល់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ។ តាមរយៈការផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រនាពេលនេះ ប្រជាពលរដ្ឋកម្ពុជា នឹងអាចសម្រាលនូវសេចក្តីឈឺចាប់ ភាពសោកសង្រេង និងការនឹករលឹករបស់ខ្លួនបន្តិចម្តងៗពីភាពដិតដាម និងរបួសផ្លូវចិត្តដែលបន្សល់ដោយរបបខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ»។
ឯកឧត្តម បានបន្តថា «បើទោះបីសាលដីកាដែលត្រូវបានប្រកាសនេះបានបង្ហាញពីការបញ្ចប់នៃនីតិវិធីច្បាប់ក្តី យើងទាំងអស់គ្នាមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្មដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងការឈឺចាប់នានាដែលបន្សល់ទុកដោយសារសង្រ្គាមឡើយ។ ទន្ទឹមនឹងនេះ ជាមួយនឹងពាក្យស្លោក «បំភ្លេចម្តេចបាន» ដែលយុវជនជំនាន់មុន (ជាថ្នាក់ដឹកនាំបច្ចុប្បន្ន) តែងបានក្រើនរំលឹក យើងទាំងអស់គ្នាឱ្យត្រូវតែចងចាំ និងរៀនសូត្រពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មក្នុងរយៈកាលរបបខ្មែរក្រហម ដែលប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ ហើយត្រូវប្តេជ្ញាការពារឱ្យបានដាច់ខាតកុំឱ្យរបបប្រល័យពូជសាសន៍កើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ» ។
គួរបញ្ជាក់ផងដែរថា លោក ខៀវ សំផន ជាមនុស្សម្នាក់ក្នុងចំណោម៥នាក់ដែលជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងត្រូវបានចោទប្រកាន់ដោយតុលាការកូនកាត់ជាចៅក្រមកម្ពុជា និងអន្តរជាតិ។ ដោយឡែក៤នាក់ផ្សេងទៀតរួមមាន នួន ជា បានស្លាប់នៅឆ្នាំ២០១៩ កាំង ហ្គេកអ៊ាវ ហៅ ឌុច ស្លាប់ក្នុងពន្ធធនាគារឆ្នាំ២០២០ អៀង សារី និងអៀង ធិរិទ្ធ ក៏បានស្លាប់មុនពេលបិទបញ្ចប់សំណុំរឿងខ្មែរក្រហម ដែលមានរយៈពេល៤៣ឆ្នាំកន្លងមកនេះ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Many