ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បន្តផ្ដោតលើចក្ខុវិស័យតម្រង់ទិសក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ
នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមជំនាញការជប៉ុន ដែលបង្ហាញជូននូវលទ្ធផលបឋម នៃការធ្វើបច្ចុប្បន្នភាពផែនការមេប្រព័ន្ធដឹកជញ្ជូនរាជធានីភ្នំពេញ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ពិនិត្យ និងតាមដានវឌ្ឍនភាពលើការអនុវត្តផែនការ បច្ចុប្បន្នភាពនៃផែនការមេនៃប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងរបស់រាជធានីភ្នំពេញកន្លងមក ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ទាំងទំហំភូមិសាស្រ្ត ចំនួនប្រជាពលរដ្ឋ និងភាពស៊ីជម្រៅនៃការអភិវឌ្ឍ ក៏ដូចជាបំពេញតម្រូវការជាក់ស្ដែងក្នុងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។
ហេដ្ឋារចនាសម្ព័ន្ធជាផ្នែកដ៏សំខាន់ និងចាំបាច់ក្នុងដំណើរការអភិវឌ្ឍជាតិ ដោយហេតុថាមិនត្រឹមតែបម្រើឱ្យការធ្វើដំណើររបស់ពលរដ្ឋនោះទេ តែវាជាតំណភ្ជាប់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេស និងការតភ្ជាប់ទំនាក់ទំនងជាមួយបរទេស។ ហេតុនេះ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានសហការវិនិយោគយ៉ាងច្រើនលើវិស័យនេះ ដោយការអនុវត្តស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ដើម្បីកសាងប្រទេសឱ្យរីកចម្រើន ត្រូវផ្ដោតលើ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Noun- Pharath- នួន ផារ័ត្ន