|

សម្ដេចក្រឡាហោម ស ខេងបានទាញការចាប់អារម្មណ៍ថា៖ «រាជរដ្ឋាភិបាលចំណាយថវិកាជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្រុងព្រះសីហនុ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ»


ថ្មីៗនេះបញ្ហាល្បែងស៊ីសងខុសច្បាប់ និងអំពើឆបោកជួញដូរមនុស្ស ជាបញ្ហាដ៏ក្ដៅនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានមានប្រសាសន៍ថា ដ្បិតបទល្មើសទាំងនេះបាននិងកំពុងកើតឡើងនៅកម្ពុជា ប៉ុន្តែមេខ្លោងធំ និងអ្នកដែលប្រព្រឹត្តអំពើនេះ គឺជាជនជាតិបរទេស​ ដែលមានបំណងយកកម្ពុជា សម្រាប់ជាកន្លែងប្រព្រឹត្តបទល្មើសទាំងនេះ។

យ៉ាងណាមិញ បទល្មើសទាំងនេះបាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ​ក៏ដូចជាកេរ្តិ៍ឈ្មោះកម្ពុជាយើងទាំងមូល។ ថ្លែងក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។

សម្ដេច បន្តសង្កត់ធ្ងន់ទៀតថា«ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់អាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរណ៍នោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»។

សម្ដេច បានទាញការចាប់អារម្មណ៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។

សម្ដេច ក៏បានផ្ដល់ការណែនាំអំពីការសម្រេចបែងចែកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស។ ចំណែកក្រុមការងារដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់៕

ប្រភព៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister