ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំនៅទីស្នាក់ការអង្គការសហប្រជាជាតិ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ: ភាពជាដៃគូអប់រំបរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ “Greening Education Partnership: Climate Change Education”។

យោងទៅតាមក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា​ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ដោយផ្តោតលើ ការអនុវត្តអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ   ក្នុងនាមជាប្រធានអាស៊ាន    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើត ASEAN Green Deal ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការបង្កើនការប្រកួតប្រជែងសេដ្ឋកិច្ចដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះ កម្ពុជាបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស បានបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការបង្កើនភាពធន់នៅក្នុងវិស័យអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសហការជាមួយសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា ដើម្បីផលិតសៀវភៅសិក្សាគោល និងសៀវភៅអប់រសុខភាព ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា  ដើម្បីបង្កើនការយល់ដឹងស្តីពីកាប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំដល់នាយកសាលារៀន គ្រូបង្រៀន និងលើកទឹកចិត្តឱ្យយុវជនក្នុងការចូលរួម និងយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្សព្វផ្សាយស្តីពីភាពជាដៃគូអប់រំបរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់វិស័យអប់រំនៅកម្ពុជា៕

ប្រភព៖ MoEYS Cambodia