ស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារណជនឱ្យចូលទស្សនាជាថ្មីម្ដងទៀត នាថ្ងៃទី១៧ ខែកញ្ញានេះ បន្ទាប់ពីអាក់ខានកាលពីឆ្នាំមុន
បន្ទាប់ពីអាក់ខានប្រារព្ធកាលពីឆ្នាំកន្លងទៅ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបានឱ្យដឹងថា ក្នុងឱកាសទិវាបេតិកភណ្ឌនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ស្ថានទូតបារាំង រួមទាំងអគារបេតិកភណ្ឌដ៏ស្រស់ស្អាតផ្សេងទៀតនៅកម្ពុជា នឹងបើកទ្វារជូនសាធារណជនឱ្យចូលទស្សនា ស្វែងយល់អំពីជីវៈចម្រុះនៅក្នុងឧទ្យានដ៏ស្រស់ស្អាត និងអគារនានាដែលបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនមានដូចជា សាលារាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។
សាធារណជនអាចចូលទស្សនាដោយសេរី ប៉ុន្តែត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ ការទស្សនាស្ថានទូតនឹងប្រព្រឹត្តទៅអមដោយមានការរៀបរាប់បង្ហាញទៅតាមម៉ោងដូចជា ជាភាសាបារាំងមានម៉ោង៩ ម៉ោង១០៖៣០ និងម៉ោង១៤៖០០ ភាសាខ្មែរម៉ោង ៩៖៤០ ម៉ោង១១៖១០ និងម៉ោង ១៤៖៤០ ជាភាសាអង់គ្លេស ម៉ោង ៩៖២០ ម៉ោង ១០៖៥០ និងម៉ោង១៤៖២០។
គួរបញ្ជាក់ផងដែរថា ឧទ្យានស្ថានទូតបារាំងមានទំហំ៤,៧ហិចតា ជាលំហរបៃតងដ៏ធំ និងសំខាន់មួយនៅរាជធានីភ្នំពេញដែលមានផ្ទុកដើមឈើរាប់រយដើម មានជាង៥០ប្រភេទ និងសត្វព្រៃជាច្រើនក្បាល ដែលសុទ្ធសឹងជាជីវៈចម្រុះដ៏មានតម្លៃ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Ambassade de France au Cambodge