|

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’(AEM) Meeting and related Meetings) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី

ចាប់តាំងពីចូលជាសមាជិកអាស៊ានពេញលេញនៅឆ្នាំ១៩៩៩ និងការកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន៣លើកមកនេះ កម្ពុជា បានខិតខំប្រឹងប្រែង និងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងក្របខណ្ឌសេដ្ឋកិច្ចអាស៊ាន និងពង្រឹងកិច្ចសហការជាមួយ ជាមួយប្រទេសជាដៃគូដទៃទៀតក្នុងក្របខណ្ឌសកល។ កម្ពុជា បានរួមចំណែកឱ្យមានការប្រកួត​ប្រជែង ពង្រឹងការតភ្ជាប់ យកប្រជាជនជាស្នូល និងប្រែក្លាយអាស៊ានជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ​ និងការបង្កើតខ្សែសង្វាក់ពាណិជ្ជកម្ម ក៏ដូចជាជំរុញ នូវសមាហរណកម្មផ្សេងៗសម្រាប់វឌ្ឍនភាពអាស៊ាន។

ទន្ទឹមនឹងសមិទ្ធផលដែលអាស៊ានសម្រចបាន អាស៊ានបានប្រឈមនឹងបញ្ហាចម្រូងចម្រាស់ដែលជាឧបសគ្គក្នុងការអភិវឌ្ឍដូចជា បញ្ហាសង្រ្គាមនៅអ៊ុយក្រែន ការបន្តអូសបន្លាយនៃជំងឺឆ្លងកូវីដ-១៩ បញ្ហាសង្គម ទាមទារឱ្យអាស៊ានពិចារណាឡើងវិញនូវយុទ្ធសាស្ត្រនានា ដើម្បីនាំសេដ្ឋកិច្ចអាស៊ានទៅទិសដៅថ្មីទៅតាមបរិបទសាកលដែលមានការផ្លាស់ប្ដូរ។

កិច្ចប្រជុំនាឱកាសនេះ សមាជិកអាស៊ាន ព្រមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងផ្ដោតសំខាន់លើវឌ្ឍនភាពនៃសមារណកម្មនៃសមាគមសេដ្ឋកិច្ចអាស៊ាន ផលសេដ្ឋកិច្ចកម្ពុជា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត បញ្ហាពហុភាគី ពិសេសកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន កសាងសេដ្ឋកិច្ចតំបន់ និងសកលឱ្យមានភាពធន់ជាងមុនស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២នៅទឹកដីអង្គរនៃខេត្តសៀមរាប៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister