«ទីណាមានផ្លូវទីនោះមានក្ដីសង្ឃឹម»
ស្របពេលពិភពលោកដើរយ៉ាងឆាប់រហ័ស កម្ពុជាក៏បោះជំហានទៅមុខកាន់តែលឿនក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ។ វិស័យអាទិភាពនានាក្នុងប្រទេស កាន់តែត្រូវបានយកចិត្តទុកដាក់។ ហេដ្ឋារចនាសម្ព័ន្ធប្រែរូបរាងថ្មីបន្តិចម្ដងៗ មធ្យោបាយធ្វើដំណើរកាន់តែសម្បូរបែប ដែលពីមុនតម្រូវការខ្ពស់បំផុតរបស់ពលរដ្ឋត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នពួកគាត់មានតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរទៅវិញ។ ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា «ទីណាមានផ្លូវ ទីនោះមានក្ដីសង្ឃឹម»។
មិនត្រឹមតែមានមុខងារបំពេញតម្រូវការក្នុងការធ្វើដំណើរនោះទេ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជា ជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការតភ្ជាប់ទំនាក់ទំនងក្នុងប្រទេស និងក្នុងតំបន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្ដុភារ។ ការអភិវឌ្ឍផ្លូវថ្នល់ ក៏ជាការជំរុញការតភ្ជាប់សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។
ក្រោមហេតុផលទាំងនេះ ទើបកម្ពុជា តែងបានធ្វើសហប្រតិបត្តិការ និងការចូលរួមជាមួយគំនិតផ្ដួចផ្ដើម និងការកសាងវឌ្ឍនភាពនេះ។ ជាក់ស្ដែង ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន បានលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះថា «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ គឺជាកត្តាលីករថ្មីសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោកលើវិស័យជាច្រើនរួមមាន៖ ហេដ្ឋរចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគជាដើម»។
គួរបញ្ជាក់ថា នៅកម្ពុជាមានបណ្ដាញផ្លូវជាតិសំខាន់ៗចំនួន៧ខ្សែ ក្នុងនោះ ផ្លូវ ខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាន ត្រូវបានសាងសង់ និងជួសជុលជាបន្តបន្ទាប់ ស្រោចស្រព្វទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងប្រើប្រាស់ក្នុងកិច្ចការសំខាន់ៗនានាគ្រប់រូបភាព៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister, ក្រសួងសាធារណៈការ និងដឹកជញ្ជូន Ministry of Public works and Transport- MPWT