|

ឯកឧត្តម​ នួន ផារ័ត្ន «ចក្ខុវិស័យរបស់រាជធានីភ្នំពេញ គឺចង់ប្រែក្លាយជាទីក្រុងឆ្លាតគម្រូមួយ សម្រាប់បណ្ដាទីក្រុងដទៃទៀតនៃប្រទេសកំពុងអភិវឌ្ឍ»


រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ដែលបានប្រែរូបរាងយ៉ាងឆាប់រហ័ស មានការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ យ៉ាងណាមិញ ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ តែងបានយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍទីក្រុង ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅសម្រេចឱ្យបាននូវទំនើបកម្ម ស្របតាមចក្ខុវិស័យរបស់រាជធានីភ្នំពេញ ដូចអ្វីដែលឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា «ចក្ខុវិស័យរបស់រាជធានីភ្នំពេញ គឺចង់ប្រែក្លាយជាទីក្រុងឆ្លាតគម្រូមួយ សម្រាប់បណ្ដាទីក្រុងដទៃទៀតនៃប្រទេសកំពុងអភិវឌ្ឍ»។

ឯកឧត្តម​ នួន ផារ័ត្ន

ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ ស្ដីពីវឌ្ឍនភាពការងារអភិវឌ្ឍទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ សីហា នេះ និងក្នុងឱកាសដែលកម្ពុជារៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាញទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២២។

គួរបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតអាស៊ាន(ASCN) គឺជាវេទិកាសហការមួយដែលទីក្រុងមកពីរដ្ឋសមាជិកអាស៊ានទាំងដប់ (AMS) ធ្វើការឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងនិរន្តរភាព។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីកែលម្អជីវភាពរស់នៅរបស់ពលរដ្ឋអាស៊ាន ដោយប្រើបច្ចេកវិទ្យាជាអ្នកផ្តល់លទ្ធភាព ផ្តោតលើប្រជាជន ការប្រកាន់យកនូវវិធីសាស្រ្តរួមមួយចំពោះការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដែលគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។ បណ្តាញនៃទីក្រុងឆ្លាតវៃនៅទូទាំងអាស៊ានក៏រួមចំណែកដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនៅទូទាំងវប្បធម៌ផងដែរ។

ដោយឡែក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃនេះ បានធ្វើឡើងឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅប្រទេសសឹង្ហបូរី។ កិច្ចប្រជុំដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង  នឹងបន្តដំណើរការក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងជាតិរបស់កម្ពុជា ៕

ដោយ៖ ផាត់​ គឹមឆែ
ប្រភព៖ Nuon Pharath- នួន ផារ័ត្ន, ក្រសួងមហាផ្ទៃ, ASEAN Main Portal