ឯកឧត្តម នួន ផារ័ត្ន ចាត់ទុកការងារចុះជួយតាមមូលដ្ឋានខេត្តប្រៀបដូចជាសាលានយោបាយមួយ


«ការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺប្រៀបដូចជាសាលានយោបាយមួយសម្រាប់យើងខ្ញុំជាក្រុមការងារចុះជួយខេត្ត ព្រោះយើងខ្ញុំមានថ្នាក់ដឹកនាំជំនាន់មុនដែលបានកាន់តួនាទីនៅតំបន់នេះ ជាគ្រូបាធ្យាយពោរពេញដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍។» នេះជាប្រសាសន៍ពោរពេញដោយអត្ថន័យ របស់ឯកឧត្តម នួន ផារ័ត្ន កាលពីរសៀលថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍លើការងារមូលដ្ឋានតម្រង់ទិសឆ្ពោះទៅកាន់ជ័យជម្នះ  លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋាននានានៃខេត្តកំពង់ស្ពឺ ប្រមាណ ៧០០ នាក់។

ឯកឧត្តម នួន ផារ័ត្ន

ឯកឧត្តមបានធ្វើការលើកឡើងនូវបណ្តារចំណុចសំខាន់ៗ ដែលក្រុមការងារគណបក្សមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ និងពង្រឹងដើម្បីប្រៀបឈ្នះរបស់គណបក្សលើការបោះឆ្នោត គ្រប់នីតិកាល និងគ្រប់ការបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាក់ សើគិរីន ក្នុងនាមក្រុមការងារក៏បានចូលរួមមតិ ជាការចែករំលែកបទពិសោធន៍កន្លងមករបស់ក្រុមការងារចុះជួយឃុំ និងក៏បានថ្លែងអំណរគុណដល់ឯកឧត្តម នួន ផារ័ត្នដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមចែករំលែកបទពិសោធន៍ និងពុទ្ធិល្អៗដល់ក្រុមការងារ ដើម្បីយកទៅអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួន។

គួររំលឹកផងដែរថា កិច្ចប្រជុំមានគោលដៅ ដក់ស្រង់បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម ដែលបានឆ្លងកាត់ក្នុងការងារមូលដ្ឋានកាលពីពេលកន្លងមក ដើម្បីជាមេរៀនពិសោធន៍ដើម្បីជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ៕

ដោយ៖ BRANDMEDIA