ចិនយល់ថា ដំណើរទស្សនកិច្ចរបស់ Pelosi ជាការបង្ករឿង ហើយធ្វើឱ្យផ្លាស់ប្តូរស្ថានភាពច្រកសមុទ្រតៃវ៉ាន់ជារៀងរហូត


ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិកជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ប្រទេសចិនមានចេតនា គេចពីការជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មិនមានគម្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទេ ទោះបីជាអ្នកទាំងពីរកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះក៏ដោយ។ ការសម្រេចចិត្តនេះ ជាសញ្ញាមួយដែលឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅតៃវ៉ាន់ ដែលដំណើរទស្សនកិច្ចនេះ ចិន ក៏ដូចជាពិភពលោកមើលឃើញយ៉ាងច្បាស់ថា គឺសហរដ្ឋអាមេរិក បានចាប់ផ្តើមការបង្កហេតុមុន និងបង្កឱ្យមានភាពតានតឹង។

ប៉ុន្មាននាទីបន្ទាប់ពីយន្តហោះរបស់ Nancy Pelosi បានចុះចតនៅទីក្រុងតៃប៉ិ កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតចំនួនប្រាំមួយនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ (MND) បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា យន្តហោះយោធាចិនចំនួន ២១ គ្រឿងបានហោះចូលទៅក្នុងតំបន់ភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។

ដំណើរទស្សនកិច្ចរបស់លោក Pelosi ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ចិន បានលើកឡើងថា រដ្ឋាភិបាលអាមេរិកគួរតែរារាំងទង្វើមិនសមរម្យរបស់លោកស្រី Pelosi និងរារាំងលោកស្រីពីការប្រឆាំងនឹងនិន្នាការប្រវត្តិសាស្ត្រ ប៉ុន្តែបែជាជំនួសមកវិញដោយការ ឃុបឃិត បណ្ដោយឱ្យប្រធានសភាពអាមេរិកជាន់ខ្ពស់រូបនេះទៅដល់តៃវ៉ាន់ ដែលធ្វើឱ្យភាពតានតឹងនៅច្រកសមុទ្រ តៃវ៉ាន់កាន់តែធ្ងន់ធ្ងរឡើង។

មន្ត្រី និងអ្នកជំនាញចិនបានព្រមានថា ផលវិបាកទាំងអស់នៃទង្វើដ៏គ្រោះថ្នាក់នេះ អាមេរិកជាអ្នកបង្កឡើង ហើយដំណើរទស្សនកិច្ចបែបនេះក៏នឹងផ្លាស់ប្តូរស្ថានភាពឆ្លងកាត់ច្រកសមុទ្រជារៀងរហូត និងផ្តល់ផលប៉ះពាល់បំផ្លិចបំផ្លាញដល់ទំនាក់ទំនងចិន-អាមេរិកដែលមានភាពរកាំរកូសស្រាប់ទៅហើយ៕

ដោយ៖ ផាត់ គឹមឆែ
រូបភាព: China Daily
ប្រភព៖ Business- Standard