វិសមភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើបច្ចុប្បន្នភាពរបស់ធនាគារពិភពលោក
ធនាគារពិភពលោក បានធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងខែមិថុនាកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងពិនិត្យមើលប្រព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ជាពិសេសស្ថិតក្នុងស្ថានភាពដែលកំពុងច្របូកច្របល់នាពេលបច្ចុប្បន្ន ដូចជាការឡើងថ្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន។ .
យោងរបាយការណ៍បានបង្ហាញថា ជំងឺរាតត្បាតបានបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមិនធ្លាប់មានពីមុនមក ហើយមិនទាន់បង្ហាញសញ្ញាច្បាស់លាស់ណាមួយទីបញ្ចប់របស់វានៅឡើយ។ យ៉ាងណាមិញ នៅកម្ពុជាទោះបីជាតម្រូវការធ្លាក់ចុះក៏ដោយ ក៏ការនាំចេញទំនិញរបស់ប្រទេសនេះទទួលបានការកើនឡើងនៅក្នុងត្រីមាសទីមួយ ដែលនាំមុខដោយការនាំចេញសម្លៀកបំពាក់ ផលិតផលដែលទាក់ទងនឹងការធ្វើដំណើរ និងស្បែកជើងជាដើម។ ចំណូលដែលបានពីវិស័យទាំង៣នេះ សរុបចំនួន ៣.១ ពាន់លានដុល្លារក្នុងត្រីមាសនេះ កើនឡើង ២៥.២ភាគរយធៀបនឹងរយៈពេលឆ្នាំមុន នេះបើយោងតាមការសិក្សា។
ក្នុងនោះផងដែរ ការនាំចេញសម្លៀកបំពាក់បានកើនឡើង២០,៤ភាគរយក្នុងត្រីមាសនេះធៀបនឹងឆ្នាំមុន ដល់ចំនួនសរុប២,១ពាន់លានដុល្លារ។ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥ ភាគរយនៅឆ្នាំនេះ ទោះបីជាការស្ទុះងើបឡើងវិញត្រូវបានមើលឃើញថានឹងមានវិសមភាព។ ទន្ទឹមនឹងនេះ ការកើនឡើងនៃសមាហរណកម្មខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកបានធ្វើឱ្យការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ជាចំណុចកណ្តាលនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។
ដោយឡែក ការចំណាយខ្ពស់នៃភស្តុភារ និងបញ្ហាប្រឈមនៃសង្វាក់ផ្គត់ផ្គង់ផ្សេងទៀតបានក្លាយទៅជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់។ ការបង្កើនសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងគុណភាពសេវាកម្ម គឺជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវដំណើរការដឹកជញ្ជូន។
របាយការណ៍របស់ធនាគារពិភពលោកបានផ្តល់យោបល់មួយចំនួនសម្រាប់រយៈពេលខ្លី និងរយៈពេលវែងក្នុងប្រទេស រួមទាំងការត្រួតពិនិត្យជាប្រចាំនៃកំពង់ផែ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្វ័យប្រវត្តិកម្ម ការលើកទឹកចិត្តក្នុងការលើកកំពស់ស្តង់ដារឧស្សាហកម្ម បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ដែលមនុស្សអាចរាយការណ៍អំពីការរំលោភបំពាន និងប្រភេទភស្តុភារឯកទេសផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងបង្កើតផែនការមេដែលមានគោលបំណងដោះស្រាយបញ្ហាភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញមានភាពងាយស្រួល និងចំណាយតិចផងដែរ។ ប៉ុន្តែការដឹកជញ្ជូនបច្ចុប្បន្នស្ថិតនៅក្រោមសម្ពាធកើនឡើងយ៉ាងខ្លាំង ដោយសារតែតម្លៃប្រេងម៉ាស៊ូតខ្ពស់៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Sourcing Journal