អាមេរិកបង្ហាញការគាំទ្រយូរអង្វែងដល់កម្ពុជា សម្រាប់ការស្តារឡើងវិញនូវទីតាំងប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ខាងវប្បធម៌
កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានប្រារព្ធធ្វើមាតុភូមិនិវត្តន៍នូវវត្ថុបុរាណចំនួន ២៧ ដែលត្រូវបានជួយដូរខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ។
លោក Kritenbrink បានគូសបញ្ជាក់លើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងសហរដ្ឋអាមេរិក និងកម្ពុជា ជួយសម្រួលដល់ការប្រគល់វត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានជាង ១០០មុខ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រជាជនកម្ពុជាដែលកំពុងធ្វើការលើការអភិរក្សបេតិកភណ្ឌវប្បធម៌។ ជាមួយគ្នានេះ លោកក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងយុត្តិធម៌ និងការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក មេធាវីស្រុក Manhattan ការស៊ើបអង្កេតសន្តិសុខមាតុភូមិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិក ដែលបាននាំទៅដល់ការត្រឡប់មកវិញនូវបំណែកចំនួន ២៧ផងដែរ ។
លោក Kritenbrink បានមានប្រសាសន៍ថា «ពិធីថ្ងៃនេះគឺជាសក្ខីភាពមួយចំពោះទំនាក់ទំនងដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សហរដ្ឋអាមេរិក គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ បង្ហាញពីការគាំទ្រដ៏យូរអង្វែងសម្រាប់ការស្តារឡើងវិញនូវទីតាំងប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ខាងវប្បធម៌សម្រាប់ប្រទេសកម្ពុជា»។
លោកឯកអគ្គរដ្ឋទូត Murphy មានប្រសាសន៍ថា «សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានបញ្ចប់ពិធីដោយថ្លែងថា «យើងសូមកោតសរសើរដោយស្មោះចំពោះការរួមចំណែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា និងធនធាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌។ យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតនៅក្នុងការស៊ើបអង្កេត និងការខិតខំប្រឹងប្រែងរបស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មាន និងជំនាញ ក្នុងការនាំយកមកវិញនូវរតនសម្បត្តិជាតិរបស់យើង»។
នៅក្នុងឱកាសនេះផងដែរ លោកឯកអគ្គរដ្ឋទូត Murphy បានប្រកាសផ្តល់ជំនួយថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ចំនួន ៣៦០,៨០០ដុល្លាអាមេរិក ដើម្បីគាំទ្រដល់ការជួសជុលប្រាសាទព្រះវិហារឡើងវិញ។ នេះជាបន្ថែមលើទឹកប្រាក់ជាង៤០៦,០០០ ដុល្លារអាមេរិកដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិករួចហើយសម្រាប់ការអភិរក្សប្រាសាទប្រវត្តិសាស្ត្រនៅភាគខាងជើងប្រទេសកម្ពុជា។
គួររម្លឹកផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៥ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ២០០១សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សវប្បធម៌រួមទាំងជាង ៣.៥ លានដុល្លារដើម្បីអភិរក្សប្រាសាទភ្នំបាខែងក្នុងខេត្តសៀមរាប និងជួយដល់សារមន្ទីរទួលស្លែង៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ U.S. Embassy in Cambodia