មូលហេតុទាំង៥ ទាញកម្ពុជាឱ្យធ្លាក់ក្នុងវិបត្តិអតិផរណា


ទោះបីជាកម្ពុជា មានទំនាក់ទំនងម៉ាក្រូសេដ្ឋកិច្ចតិចតួចទៅនឹងតំបន់រុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏សង្រ្គាមដែលអូសបន្លាយពេលកាន់តែយូររវាងប្រទេសទាំងពីរ អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុប ដែលជាគោលដៅនាំចេញដ៏សំខាន់មួយរបស់កម្ពុជា។

វិបត្តិនេះបានធ្វើឱ្យរាំងស្ទះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ តាមរយៈការកើនឡើងនៃតម្លៃទំនិញអន្តរជាតិ ដោយដាក់សម្ពាធលើអតិផរណាខ្ពស់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសជាច្រើន ក្នុងនោះកម្ពុជាយើងជា១ក្នុ​ងចំណោមប្រទេសដែលរងគ្រោះដោយសារបញ្ហានេះក្រោមលក្ខខណ្ឌមួយចំនួនដូចជា

ទីមួយ កម្ពុជា ជាប្រទេសដែលនាំចូលអាហារ និងប្រេងជាច្រើនពីបរទេស ដូច្នេះអតិផរណាអាចនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន ដែលនឹងដាក់សម្ពាធដល់សេដ្ឋកិច្ចជាតិទាំងមូល។

ទីពីរ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារយុទ្ធសាស្ត្រដ៏តឹងរ៉ឹងនៃជំងឺកូវីដ-១៩ បាននាំឱ្យមានវិធានការបិទខ្ទប់ញឹកញាប់ និងការដកថយនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំងលើការវិនិយោគរបស់ចិន និងសម្ភារៈនាំចូលសម្រាប់ឧស្សាហកម្មតម្រង់ទិសនាំចេញរបស់កម្ពុជា។  .

ទីបី ការរឹតបន្តឹងនៃលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកដែលជាលទ្ធផលនៃអតិផរណាដែលបន្ត និងកើនឡើងចាប់តាំងពីឆមាសទីពីរនៃឆ្នាំ ២០២១ អាចប៉ះពាល់ដល់លំហូរនៃមូលធនចូលទៅក្នុងប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដោយធ្វើឱ្យសន្ទុះសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជានៅកម្ពុជាថយចុះ។

 ទី៤ ទោះបីជាអត្រានៃការឆ្លងពីវីរុស អូមីក្រុង មានកម្រិតទាបនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ការគំរាមកំហែងនៃការលេចចេញនូវវីរុសប្រភេទថ្មីនៅតែមាននៅឡើយ។ កន្លងមកការបន្តរីករាលដាលនៃវីរុសអូមីក្រុង នៅក្នុងតំបន់ក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាផងដែរ តាមរយៈការធ្លាក់ចុះនៃវិស័យទេសចរណ៍ ការវិនិយោគ និងបណ្តាញនាំចេញផងដែរ។

 ទី៥ ការប្រែប្រួលអាកាសធាតុ បង្កហានិភ័យយ៉ាងសំខាន់ដល់ផលិតកម្មកសិកម្មរបស់កម្ពុជា ដែលងាយរងគ្រោះដោយសារអាកាសធាតុ។

យ៉ាងណាមិញ បម្រែបម្រួលអាកាសធាតុ ការបំផ្លិចបំផ្លាញនៃជំងឺឆ្លងកូវីដ-១៩ វិសមភាពក្នុងការទទួលបានធនធាន ព្រមទាំងសង្រ្គាមរវាងរុស្ស៊ីលើអ៊ុយក្រែន បាននាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រទេសនានាក្នុងតំបន់អ៊ឺរ៉ុ​ប ក៏ដូចជាអាស៊ានផងដែរ ដោយហេតុថា អ៊ុយក្រែន ជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់មួយនៅក្នុងពិភពលោក។  កង្វះខាតស្បៀងអាហារ ការកើនឡើងតម្លៃប្រេង និងវិបត្តិសេដ្ឋកិច្ចសកល ទំនិញឡើងថ្លៃ ក៏សុទ្ធសឹងជាបញ្ហាដែលគួរព្រួយបារម្ភ។

គួរបញ្ជាក់ផងដែរថា អត្រាអតិផរណាជាមធ្យមក្នុងអាស៊ានបានឡើងពី ៣.១ ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២១ ដល់ ៤.៧ ភាគរយក្នុងខែមេសា ឆ្នាំ ២០២២ ធៀបនឹង ០.៩ ភាគរយក្នុងខែមករា ឆ្នាំ ២០២១។ ជាទូទៅ ផលប៉ះពាល់នេះ អ្នកក្រីក្ររជាអ្នកដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំងបំផុត។ ហើយនេះពុំមែនជាភារកិច្ច ឬទំនួលខុសត្រូវរបស់ប្រទេសណាអាចដោះស្រាយតែម្នាក់ឯងបានទេ គឺត្រូវការវិធានការរួមមួយ ក្រោមការឯកភាពគ្នាលើបញ្ហាដែលកំពុងប្រឈមនេះ៕

ដោយ៖ ផាត់ គឹមឆែ

ប្រភព៖ Fibre2Fashion, Asian Parliamentarians for Human Rights
រូបភាព៖ AMS ECONOMY