|

«លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ​សង្កាត់ អាណត្តិទី៥ គឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ»


ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានបញ្ចប់ទៅដោយរលូន ប្រកបដោយក្រឹត្យក្រម និងយុត្តិធម៌។ ជាមួយគ្នានេះ ដំណើរនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា បានបង្ហាញពីភាពចាស់ទុំខាងនយោបាយ នៃអ្នកនយោបាយ ក៏ដូចជាពហុបក្ស ក្នុងគោលបំណងរួមគ្នាគឺបម្រើប្រជាជន និងជាតិកម្ពុជាទាំងមូល។

ដោយឡែក ចំពោះលទ្ធផលបោះឆ្នោតជាផ្លូវការបាននឹងកំពុងចេញជាបន្ត​បន្ទាប់។ ក្នុងនោះតាមរយៈសំឡេងឆ្នោតភាគច្រើននៃប្រជាជន គណបក្សប្រជាជនកម្ពុជាបានឈានមុខគេក្នុងការទទួលបានអាសនៈ និងតំណែងមេឃុំ ចៅសង្កាត់។ ជាក់ស្ដែងក្នុងខេត្តស្វាយរៀង ប្រជាពលរដ្ឋចំនួន៨០ឃុំ សង្កាត់ បានផ្ដល់សេចក្ដីជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សកម្ពុជារហូតទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ​ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុប វាយតម្លៃលទ្ធផលបោះឆ្នោតដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ លោកជំទាវ គតិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងជុំវិញលទ្ធផលនេះថា «លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ​សង្កាត់ អាណត្តិទី៥នេះ គឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត គោរព ស្រឡាញ់ និងផ្ញើជោគវាសនារបស់ខ្លួនលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សា សុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត»។

លោកជំទាវ គតិសង្គហបណ្ឌិត ម៉ែន សំអន

យ៉ាងណាមិញ សន្តិភាពជាការបានមកដោយលំបាក ប៉ុន្តែងាយនឹងបាត់បង់ប្រសិនបើមាគ៌ានៃការដឹកនាំមិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងពុំមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានបង្ហាញថា ពលរដ្ឋបានជ្រាបកាន់តែច្បាស់ពីតួនាទីខ្លួនក្នុងនាមជាម្ចាស់ប្រទេស ក៏ដូចជាយល់ដឹងពីភាពចាំបាច់ក្នុងការធានាឱ្យបាននូវស្ថេភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

ការអនុវ​ត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត បានញ៉ាំងឱ្យគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកា កាន់តែខ្នះខ្នែង អនុវត្តតួនាទីខ្លួនឱ្យកាន់តែប្រសើរ លះបង់ប្រយោជន៍ខ្លួនក្នុងបុព្វហេតុជាតិ ឱ្យសក្ដិសមនឹងទំនុកចិត្តដែលទទួលបាន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Men Sam An Cambodia Deputy Prime Minister