កម្ពុជាច្រានចោលព័ត៌មានដែលថាចិននឹងកសាងមូលដ្ឋានទ័ពសម្ងាត់មួយនៅកម្ពុជា


នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Albanese បានសម្តែងការព្រួយបារម្ភ អំពីបញ្ហាដែលបានលើកឡើងថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពសម្ងាត់មួយនៅកម្ពុជា។ លោកក៏បានលើកសំណួរអំពីគម្រោងនេះ ហើយបានអំពាវនាវឱ្យមានតម្លាភាពផងដែរ។  លោក Albanese បាននិយាយថា «យើងលើកទឹកចិត្តទីក្រុងប៉េកាំងឱ្យមានតម្លាភាពអំពីចេតនារបស់ខ្លួន និងដើម្បីធានាថាសកម្មភាពរបស់ខ្លួនគាំទ្រដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយកម្ពុជាក៏ធ្លាប់បានសម្រេចថាគ្មានយោធាបរទេសណាមួយនឹងត្រូវបានផ្តល់សិទ្ធិចូលទៅមូលដ្ឋានរាម ។

ដោយឡែកនាពេលថ្មីៗនេះ ប្រទេសចិន និងកម្ពុជាបានច្រានចោលព័ត៌មានទាំងនេះ។ នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជា ឯកឧត្តម  ប្រាក់ សុខុន បានច្រានចោលរបាយការណ៍ព័ត៌មាននេះថាជា ការចោទប្រកាន់គ្មានមូលដ្ឋាន។

អ្នកនាំពាក្យម្នាក់បានឱ្យដឹងថា ការអភិវឌ្ឍមូលដ្ឋានមិនមែនជាការសម្ងាត់ទេ។  លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ AFP ថា «កម្ពុជានឹងមិនអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានរាមទាំងស្រុង ឬអភិវឌ្ឍទីតាំងនេះជាមូលដ្ឋានយោធារបស់ខ្លួនឡើយ»។

ដោយឡែក ខាងភាគីចិន បាននិយាយថា មូលដ្ឋាននេះនឹងមិនប្រើសម្រាប់តែកងទ័ពជើងទឹកទេ។ នៅទីក្រុងប៉េកាំង លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា «ការផ្លាស់ប្តូរមូលដ្ឋានទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីរក្សាអធិបតេយ្យភាពដែនសមុទ្រ និងបង្ក្រាបឧក្រិដ្ឋកម្មសមុទ្រ»។  លោកបានបន្ថែមថា ការរិះគន់ របស់សហរដ្ឋអាម៉េរិកគឺ ជាការព្យាបាទដើម្បីវាយប្រហារ និងលាបពណ៌ប្រទេសកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ WION