អ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង៧ពាន់នាក់មកពី៧៦ស្ថាប័នបានចូលរួម ដើម្បីធានាតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោត


នាថ្ងៃទី០៥ ខែមិថុនា​ ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥របស់កម្ពុជា។ ទន្ទឹមនឹងនេះ ក៏ជាឱកាសរបស់បងប្អូនប្រជាពលរដ្ឋបំពេញតួនាទីក្នុងការប្រើប្រាស់សំឡេងរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំឃុំសង្កាត់ដែលខ្លួនស្រឡាញ់ ពេញចិត្ត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយយោងតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ។ ក្នុងនោះ មាន៣៨,៨៣៣ ជាសមាជិក សមាជិកា ស.ស.យ.ក. ដែល​តួលេខនេះ​អាចនិយាយបានថា ស.ស.យ.ក. ជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះឈ្មោះអ្នកអង្កេតការណ៍ ក៏ដូចជាអ្នកបម្រុងដែលមានចំនួនច្រើនលើសលប់ជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister, Hun many