ឯកឧត្តម ហ៊ុន ម៉ានី «ទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ»
កូវីដ-១៩ បានក្លាយទៅជាប្រវត្តិសាស្ត្រថ្មីមួយនៃពិភពលោក។ យើងបានឆ្លងកាត់ទុក្ខលំបាក និងបញ្ហាប្រឈមដែលជះឥទ្ធិពលលើគ្រប់ទិដ្ឋភាព ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាពិភពលោកទាំងមូលធ្លាក់ក្នុងស្ថានភាពមួយដ៏តានតឹង ហើយមិនអាចបំភ្លេចបាន។ យ៉ាងណាមិញ រយៈពេលជាង២ឆ្នាំកន្លងមកយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងប្រយុទ្ធក្នុងសមរភូមិមួយដែលគ្មានស្រមោលមួយនេះ រហូតសម្រេចបានលទ្ធផលល្អ ស្ទើរតែអាចគ្រប់គ្រងបានទាំងស្រុងលើជំងឺកូវីដ-១៩ ធ្វើឱ្យយើងមានលទ្ធភាពបើកប្រទេសជាតិឡើងវិញ ព្រមទាំងប្រជាជនទូទាំងប្រទេសបានត្រឡប់មករស់នៅក្នុងប្រក្រតីភាព។
ជាក់ស្ដែង យោងតាមក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជាបានបង្ហាញថា រយៈពេលចុងក្រោយនេះ ករណីឆ្លងថ្មីពុំត្រូវបានរកឃើញទៀតនោះទេ។ ទន្ទឹមនឹងនេះ យើងអាចរក្សាបានតួលេខសូន្យនៃចំនួនអ្នកឆ្លងថ្មីនេះ នៅស្ថេរ បើទោះបីជារាជរដ្ឋាភិបាលបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈក៏ដោយ។ ដោយឡែក លទ្ធផលល្អដែលសម្រេចបានពុំមែនជារឿងងាយនោះឡើយ ដែលកម្ពុជាយើងអាចឆ្លងមកដល់ដំណាក់កាលនេះ ទាំងដែលកម្ពុជាធ្លាប់បានប្រឈមនឹងមាត់ជ្រោះមរណៈដោយសារតែការវាយប្រហារនៃជំងឺឆ្លងដ៏សាហាវមួយនេះ។
ជុំវិញបញ្ហាដ៏ជូរចត់ដែលយើងបានឆ្លងកាត់ក្នុងដំណាក់កាលដ៏លំបាក ព្រមជាមួយការទទួលបានជោគជ័យខ្ពស់ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា«លទ្ធផលដែលយើងសម្រេចបាន គឺចេញពីសាមគ្គី ឯកភាព ការយោគយល់ ពួនដៃគ្នា ស្មាកៀកស្មា ជាសង្គមជាតិតែមួយ។ ក្នុងនោះភាពហ្មត់ចត់ បទពិសោធ ភាពទទួលខុសត្រូវ និងដាក់អាទិភាពខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។ ការជឿជាក់ ការលះបង់ និងការចូលរួមរបស់គ្រប់ក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ដោយប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដូចគ្នា។ អ្នកទាំងអស់គ្នា បានពុះពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការគ្រប់គ្រងមុខសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ ពីដើមទី ការព្យាបាល ការសង្គ្រោះអ្នកជំងឺដែលមានលក្ខណៈធ្ងន់ធ្ងរ ហើយបន្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្ថែមទៀត។ ក្នុងនោះដែរ ការអត់ធ្មត់ ការយោគយល់ ការជឿជាក់ និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺពិតជាលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការឆ្លងកាត់វិបត្តិកូវីដ-១៩ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតដល់ពេលនេះ ដែលធ្វើឱ្យស្ថានភាពសង្គម សេដ្ឋកិច្ចកាន់តែប្រសើរឡើងជាបន្តបន្ទាប់»។
ឯកឧត្តម បានបន្តថា «សោកនាដកម្ម និងវិបត្តិដែលខ្ញុំបានសង្កេតឃើញក្នុងដំណាក់កាល ២ ឆ្នាំនេះ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាតរភាព ការជួយយកអាសាគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា ជាពិសេស ក្នុងនោះយើងសង្កេតឃើញថា អង្គការ សមាគមជាច្រើន សប្បុរសជនដែលមានលទ្ធភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូលរួមវិភាគទានរបស់ខ្លួន ចែករំលែក ដើម្បីរួមគ្នាក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុមគ្រួសារខ្លះ អាជីវកម្មមួយចំនួនបានរៀបចំជាអង្ករ ត្រីខ ត្រីងៀត និងសម្ភារៈតិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយមិនមានភាពរើសអើង ដែលនេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញទៅមក។ ២ ឆ្នាំកន្លងទៅនេះ បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ចំពោះអនាគតកម្ពុជា ដោយសង្កេតឃើញថា សង្គមកម្ពុជា ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអាសាគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាពច្រើនជួយច្រើន តិចជួយតាមតិច ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណីរបស់យើង ពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គមជាតិទាំងមូលឆ្លងកាត់វិបត្តិ»។
ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឱ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Many