ជប៉ុនបន្តជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ PKO នៅកម្ពុជាបន្ថែមទៀត
ចាប់តាំងពីកម្ពុជា-ជប៉ុនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៥៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែនទៅកាន់ប្រទេសជប៉ុន។
ប្រទេសជប៉ុនបានរួមដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងជួយស្ដារឡើងវិញ ក៏ដូចជាជួយអភិវឌ្ឍលើវិស័យផ្សេងៗមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច អប់រំ សុខាភិបាល ការផ្លាស់ប្ដូរធនធានមនុស្សជាដើម ដែលទាំងនេះសុទ្ធសឹងតែជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុនបន្ថែមទៀត។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របតាមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជប៉ុនបានបញ្ជូនក្រុមបច្ចេកទេសដែលមានមន្ត្រីកងកម្លាំងស្វ័យការពារជើងជើងគោកចំនួន៥រូបមកកម្ពុជា ដើម្បីផ្ដល់កម្មវិធីលើការបណ្ដុះបណ្ដាលវិស្វកម្មប្រតិបត្តិការរក្សាសន្តិសុខ(PKO) ដែលផ្ដោតលើការបណ្ដុះបណ្ដាលការស្ទាបស្ទង់បច្ចេកទេសផ្លូវថ្នល់ដល់បុគ្គលិកកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាព PKOរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការរក្សាសន្តិភាព ឬ Peace-keeping Operations(PKO) របស់ជប៉ុននៅម្ពុជា ដែលជាប្រតិបត្តិការនៅក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២២នេះគឺជាខួប៣០ឆ្នាំហើយ។ យ៉ាងណាមិញ ការអបអរ ខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព(PKO)នេះនឹងក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិបន្ថែមទៀត។
ដោយឡែក នៅបំណាច់ចុងខែឧសភា ឆ្នាំ២០២២នេះ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន សហការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម(NPMEC) នឹងបើកវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាម NPMEC ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ឧសភា រហូតដល់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២២។
ជាមួយនឹងការបើកវគ្គបណ្ដុះបណ្ដាលនេះដែរ លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនបន្ថែមទៀតលើវិស័យPKO។
តាមរយៈកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា-ជប៉ុនបានបង្ហាញយ៉ាងច្បាស់ថាជប៉ុនជាដៃគូក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងសំខាន់មួយ តួយ៉ាងស្របពេលដែលពិភពលោកបានជួបវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩ ជប៉ុនតែងយកចិត្តទុកដាក់ក្នុងការផ្ដល់ជាជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់ប្រជាជនកម្ពុជាយើងផងដែរ៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖- Embassy of Japan In Cambodia ស្ថានទូតជប៉ុននៅកម្ពុជា