«សួនរុក្ខជាតិអង្គរ រចនាបទខ្មែរនឹងក្លាយជាគោលដៅថ្មីសម្រាប់អ្នកទេសចរ»
សៀមរាប ជាខេត្តដែលមានសក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍។ ជារៀងរាល់ឆ្នាំ សៀមរាបទឹកដីអង្គរតែងនាំមកនូវលំហូរភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាហូរហែ។ ក្រៅពីសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ រមណីយដ្ឋានធម្មជាតិនានា សុទ្ធសឹងជាទីចាប់អារម្មណ៍នៃអ្នកទេសចរ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរជាតិ ក៏បាននិងកំពុងជំរុញឱ្យមានកិច្ចអភិវឌ្ឍល្អតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរមណីដ្ឋានប្រភេទកែច្នៃមួយកន្លែងឈ្មោះ«សួនរុក្ខជាតិអង្គរ» ស្ថិតក្នុងក្រុងសៀមរាបដែលមានទំហំដីប្រមាណជាង១៥ហិចតា។
ពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍គាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរាដែលបានបង្កើតជាសួនរុក្ខជាតិអង្គរមានលក្ខណៈពិសេសក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។
«សួនរុក្ខជាតិអង្គរ» អាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជាដែលនឹងក្លាយជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតក្នុងក្រុងសៀមរាប។ សួនរុក្ខជាតិអង្គរ ធ្វើឡើងស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ បន្លែជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅឋានខ្មែរ សួនព្រៃឈើ។ ជាមួយគ្នានេះដែរក៏មាននូវសួនសត្វជាច្រើនប្រភេទដូចជា អណ្ដើក ក្ងោក ព្រាប ទន្សាយ និងប្រភេទសត្វស្លាបប្រវាំងជាដើម៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖
– ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ជា សុផារ៉ា-Chea Sophara