សម្ដេចក្រឡាហោម ស ខេង «ការបោះឆ្នោតនេះជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយនៅមូលដ្ឋានទូទាំងប្រទេស»
កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា មានសមាសភាពមកពីក្រុមផ្សេងៗនៃខេត្តព្រៃវែង ដែលបានប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងផ្ទាល់។
ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចលនាគ្រូបង្រៀន ប្រធានក្រុមការងារចលនាគ្រូពេទ្យ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្រៀន គ្រូពេទ្យ និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងព្រៃវែង សរុបចំនួន១២៦៧នាក់ផងដែរ។
ក្នុងឱកាសនេះផងដែរ សម្តេចបានលើកឡើងថា «នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជានឹងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្ទាប់ពីបានចាប់ផ្ដើមការបោះឆ្នោតនេះលើកដំបូងកាលពីឆ្នាំ២០០២ ជាមួយនឹងការរៀបចំប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន»។
សម្តេច ស ខេង បានបញ្ជាក់ផងដែរថា «ការបោះឆ្នោតនេះជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយនៅមូលដ្ឋានទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់សិទ្ធិអំណាចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំឃុំ សង្កាត់ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ពួកគាត់»។
យ៉ាងណាមិញ ក្នុងពិធីនេះដែរ សម្តេចបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមគ្នាគាំទ្រ និងរួមចំណែកធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយជោគជ័យ បញ្ចៀសឱ្យបាននូវការបំពានច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត ពិសេសគឺបញ្ចៀសអំពើហិង្សានានា ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister