មគ្គុទេសក៏ឯកនៃនយោបាយឈ្នះៗ ពន្លេចឡើងពីភាពចាស់ទុំខាងនយោបាយ


កាលពីម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។

វត្តមាននៃការអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ឌី ស៊ី សហរដ្ឋអាម៉េរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាម៉េរិក ដែលកំពុងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះដែរ​ នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាម៉េរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ក៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាម៉េរិក។

ដោយយោងទៅតាមការលើកឡើងរបស់សម្ដេចបានបញ្ជាក់ថា សម្ដេចតែងបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សំឡេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេចបានដឹងពីអ្វីដែលជាការចង់បាន ការតិទៀនលើការដឹកនាំនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធតែល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចម្រើននោះទេ។

នេះជាទង្វើមួយដែលបង្ហាញពីតម្លៃនៃអ្នកនយោបាយពិតប្រាកដ ដែលបើកទូលាយចំពោះអ្នកវិភាគនយោបាយទាំងឡាយ ទទួលយកការរិះគន់ កែលម្អ ក្នុងគោលដៅដើម្បីតែប្រយោជន៍ជាតិ។ តាមរយៈទង្វើបែបនេះ ធ្វើឱ្យយើងដឹងផងដែរថាតើអ្វីជាចំណុចខ្លាំងរបស់មេអ្នកដឹកនាំកម្ពុជារូបនេះ ដែលអាចដឹកនាំប្រទេសជាច្រើនអាណត្តិកន្លងមក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀត បើយើងក្រឡេកមើលកាលពីពេលថ្មីៗនេះសម្ដេច បានអនុញ្ញាតឱ្យលោក កឹម សុខា មេដឹកនាំគណៈបក្សប្រឆាំងចូលជួប សម្ដែងការរំលែកទុក្ខចំពោះមរណៈភាពនៃបងប្រុសរបស់សម្ដេច។ ក្នុងជំនួបរយៈពេល៤ម៉ោង ត្រូវបានគេមើលឃើញជាវិជ្ជមានថា អាចជាសញ្ញាល្អសម្រាប់ការផ្សះផ្សារគ្នារវាងមេដឹកនាំទាំងពីររូប។

ទន្ទឹមនឹងនឹងចេតនា និងកាយវិការបែបនេះ គឺជារូបភាពប្រកបដោយសន្តិភាព ហើយក៏ជាការបង្ហាញពីភាពចាស់ទុំខាងនយោបាយផងដែរ ក្នុងនាមជាអ្នកដឹកនាំមួយរូបដែលបានរួមសុខទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ ហើយស្វែងរកសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈនយោបាយឈ្នះៗ នាំមកនូវវឌ្ឍនភាពដល់កម្ពុជាយ៉ាងឆាប់រហ័ស៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime minister