តើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនឹងត្រូវបំផុសឡើងទេ ក្នុងជំនួបអាម៉េរិក-អាស៊ានក្នុងពេលខាងមុខនេះ?
នៅថ្ងៃទី១២ ១៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សហរដ្ឋអាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាម៉េរិក-អាស៊ាន ដើម្បីរំលឹកខួប៤៥ឆ្នាំ នៃទំនាក់ទំនងជាមួយគ្នា និងបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់អាម៉េរិក ចំពោះអាស៊ីអាគ្នេយ៍ ក៏ដូចជាស្វែងយល់ពីរបៀបដែលសហរដ្ឋអាម៉េរិកអាចពង្រីកតួនាទីរបស់ខ្លួនក្នុងការផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងតំបន់ដូចជា ការរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សជាដើម។
ជុំវិញជំនួបកំពូលរវាងអាម៉េរិក និងមេដឹកនាំអាស៊ានទាំង១០ ដែលមានកម្ពុជាជាប្រធានប្ដូរវេននោះ ត្រូវបានមើលឃើញថា អាម៉េរិកបានដឹងពីប្រព័ន្ធអភិបាលកិច្ច និងនយោបាយចម្រុះនៅទូទាំងអាស៊ីអាគ្នេយ៍រួចស្រេចទៅហើយ ដូច្នេះហើយបានជាអាម៉េរិកបានដាក់សំណើសុំឋានៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ជាមួយគ្នានេះ អាម៉េរិកក៏ទំនងជានឹងប្រើប្រាស់ឱកាសនេះ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលជាអាទិភាពគោលនយោបាយការបរទេសសម្រាប់ប្រធានាធិបតី និងសមាជិកសភា នៅភាគីទាំងពីរនៃច្រកផ្លូវនយោបាយ នេះបើតាមការលើកឡើងរបស់លោក Harish Mehta និពន្ធនាយកនៃ Rising Asia។
យ៉ាងណាមិញ លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ត្រូវបានគេជឿថាអាម៉េរិកនឹងមិនលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលនោះទេ បើទោះបីជាអាម៉េរិកមានបំណងចង់ផ្សព្វផ្សាយ ឬយ៉ាងណាក៏ដោយ ព្រោះមានរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាដូចជា បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅអ៊ុយក្រែន ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាជាដើម។ មួយវិញទៀត ការបញ្រ្ជាបមនោគមនយោបាយ ក៏មិនមែនជាអ្វីដែលអាម៉េរិកត្រូវលើកឡើងក្នុងស្ថានភាពនេះដែរ ព្រោះវាជារឿងដ៏សំខាន់ក្នុងការមិនធ្វើឱ្យសមាជិកអាស៊ានណាមួយមានការខកចិត្ត បើពុំដូចនោះទេ វាអាចប្រថុយនឹងការមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
គួរបញ្ជាក់ផងដែរថា ប្លុកអាស៊ានទាំង១០ប្រទេស ដែលរួមមានប្រជាជនសរុបប្រមាណ៦៥០លាននាក់ គឺតំណាងឱ្យទីផ្សារនាំចេញធំជាងគេទី៤សម្រាប់សហរដ្ឋអាម៉េរិក ជាមួយនឹងពាណិជ្ជកម្មស្ទើរតែទ្វេដងក្នុងទសវត្សរ៍មុន គឺឡើងដល់៣៥២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយយោងតាមក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Stimson Center, VOA