«ការវិនិយោគរបស់ជប៉ុនបានជួយ ពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា»
កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន តែងសម្រេចបាននូវសមិទ្ធផលជាតិសំខាន់ ៗជាច្រើន ក៏ដូចជាវឌ្ឍនភាពដ៏ប្រសើរសម្រាប់កម្ពុជាផងដែរ។ តួយ៉ាង ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗរបស់កម្ពុជាមួយចំនួនធំគឺទទួលបានពីការវិនិយោគទុនរបស់ជប៉ុនមកលើកម្ពុជា។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជា អតីត ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឆ្នាំ(២០០៣-២០០៧) និង លោក KATO Kazunori នាយកប្រតិបត្តិសមាគម បានដឹកនាំប្រតិភូដែលជា អ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររជាមួយ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលចេញទៅធ្វើការនៅប្រទេសជប៉ុននៅទីស្ដីការក្រសួងការងារ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានលើកឡើងអំពីក្ដីសង្ឃឹមថា ទស្សនៈកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុនលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំ សាមគ្គីភាពរវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។
ឯកឧត្តមរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាមានការកើនឡើង មានច្រើនផ្នែកដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុនបានរួមចំណែកទៅដល់សេដ្ឋកិច្ចកម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ។
យ៉ាងណាមិញ ឯកឧត្តម ជំរុញឱ្យភាគីជប៉ុនទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជាបានទៅនៅប្រទេសជប៉ុនឱ្យកាន់តែច្រើន ពីព្រោះនៅពេលដែលពួកគេវិញត្រលប់មកកាន់មាតុភូមិកំណើតវិញគឺ ទទួលបានចំណេះដឹង ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួនឬ ក៏ក្លាយទៅជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនសហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។
មកទល់ពេលបច្ចុប្បន្នបរិយាកាស និងឱកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវការរីករាលឆ្លងនៃជំងឺ កូវីដ-១៩បានយ៉ាងល្អ។
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ