ការបង្កើតបណ្ណាល័យសម្រាប់សិស្សានុសិស្ស គឺជាការធានានូវការសិក្សាពេញមួយជីវិត


កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងសាលាបឋមសិក្សា និងអនុវិទ្យាល័យពីងពង់ ដែលស្ថិតក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លី សុន ប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ រួមជាមួយសមាជិក សមាជិកា ចុះជួយឃុំដំណាក់រាំង ស្រុកឧដុង្គ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាតែងពិនិត្យគ្រប់ជ្រុងជ្រោយទៅលើលទ្ធភាពនៃការទទួលបានការអប់រំរបស់សិស្សានុសិស្សទាំងនៅទីប្រជុំជន និងទីដាច់ស្រយាលដែលជួបការលំបាក។ ជាក់ស្ដែង ក្នុងដំណើរការផ្ដល់ជូននេះ ថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារបានសិក្សាពីស្ថានភាពជាក់ស្ដែង និងបញ្ហាប្រឈមនានាដែលខ្វះខាតនៅសាលារៀនពីងពង់ និងក្នុងឃុំនេះផ្ទាល់ ហើយមើលឃើញថាវាបានបង្កការលំបាកដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សក៏ដូចជាគ្រូបង្រៀនផងដែរ។ ដូច្នេះក្រោមការផ្ដល់ឱកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារបានកៀរគរសប្បុរសជននានា កសាងនូវអគារបណ្ណាល័យមួយខ្នងដល់ឃុំដំណាក់រាំង ខេត្តកំពង់ស្ពឺ ដែលត្រូវប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាការខ្វះខាត អគារសិក្សាជាក់ស្ដែង។ ហើយនេះ នឹងក្លាយទៅជាធនធានបន្ថែមទៀតសម្រាប់ការសិក្សារបស់ក្មេងៗ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើក្រុមការងារសិក្សាអំពីលទ្ធភាពក្នុងការសាងសង់អគារថ្មីមួយខ្នង មានចំនួន៣ បន្ទប់ជំនួសឱ្យអគារដែលចាស់ទ្រុឌទ្រោម ដើម្បីផ្ដល់ជូនជាកាដូបន្ថែមទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំដំណាក់រាំងផងដែរ។ «ការផ្ដល់ជូនអគារមួយខ្នងថ្មីនេះ គឺជាកាយវិការដ៏គួរឱ្យកោតសរសើរ និងគួរឱ្យលើកទឹកចិត្ត ហើយជាគំរូនៃការចូលរួមត្រឡប់មកវិញជូនដល់សង្គមជាតិតាមលទ្ធភាពរៀងៗខ្លួន» នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃអណៈអភិបាលខេត្តកំពង់ស្ពឺ។

ស្របពេលដែលប្រទេសជាតិកំពុងបោះជំហានទៅមុខកាន់តែលឿនលយ វិស័យអប់រំដែលជាវិស័យអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រចតុកោណដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល កាន់តែត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីធានាឱ្យកុមារទាំងឡាយ ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតទាំងអស់ ទទួលបាននូវគុណភាពនៃការអប់រំខ្ពស់ ព្រមទាំងផ្ដល់នូវមធ្យោបាយដ៏សម្បូរបែបដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ពួកគេឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ផងដែរថា បណ្ណាល័យនេះចាប់ផ្ដើមសាងសង់នៅខែមិថុនា ឆ្នាំ២០២០ និងសាងសង់រួចរាល់ជាស្ថាពរក្នុងខែមិថុនា ឆ្នាំ២០២១ ដែលបណ្ណាល័យនេះមានឈ្មោះថា បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មានទំហំ ៨,៥ម៉ែត្រ គុណ១៦ម៉ែត្រ ហើយថវិកាសរុបដែលចំណាយក្នុងការសាងសង់នេះប្រមាណ ៣០០០០ដុល្លារ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រុមការងារផ្សព្វផ្សាយឯកឧត្តម ហ៊ុន ម៉ានី