«ចូលឆ្នាំខ្មែរ៣ថ្ងៃ អាចបង្កើតចំណូលចូលចរន្តសេដ្ឋកិច្ចជាតិប្រមាណ ៥៥០លានដុល្លារ»


ជាឆ្នាំដំបូង ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការជួបជុំសារជាថ្មី ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោយអាក់ខានអស់រយៈពេល២ឆ្នាំដោយសាររលកនៃជំងឺឆ្លងកូវីដ-១៩។ ប្រជាពលរដ្ឋទូទាំងខេត្តក្រុង បានសម្ដែងក្ដីរីករាយក្នុងដំណើរវិលត្រឡប់មករកប្រក្រតីភាពឡើងវិញនេះ ដែលអាចឱ្យបងប្អូនខ្មែរយើង បានជួបជុំសប្បាយជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មីនេះ។ ទន្ទឹមនឹងនេះ នៅតាមបណ្ដាខេត្ត-ក្រុងនានា មានការរៀបចំធ្វើសង្ក្រាន្ត លេងល្បែងប្រជាប្រិយ ព្រមទាំងទាក់ទាញបាននូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង និងរាំកម្សាន្តយ៉ាងគគ្រឹកគគ្រេង។

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២នេះផងដែរ យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា «នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ)  ក្នុងនោះសង្កេតឃើញថា៖

ទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។

ទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦លានដុល្លារ រដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ដុល្លារ/trip, ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ដុល្លារ/trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ដុល្លារ/trip) រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ)។

ទន្ទឹមនឹងនេះ  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ), ខេត្តព្រះសីហនុ (៤៨លានដុល្លារ), ខេត្តបាត់ដំបង (៣១លានដុល្លារ), ខេត្តសៀមរាប (៣០លានដុល្លារ)។ ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)»។

គួរបញ្ជាក់ផងដែរថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃ ១៤ ១៥ និង១៦ ក្នុងនោះខេត្តបាត់ដំបងទទួលបានភ្ញៀ​វទេសចរច្រើនជាងគេ គឺចំនួន ៥៦៥,៦១៨នាក់។ ដោយឡែក គោលដៅសំខាន់ៗផ្សេងទៀត ដែលមានភ្ញៀវទៅទស្សនាកម្សាន្តច្រើនរួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាដើម៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia