«ទំនាក់ទំនងកម្ពុជា-ចិន បានឈានចូលយុគសម័យនៃការកសាងសហគមន៍ជាមួយអនាគតរួម»


កាលពីថ្ងៃពុធកន្លងទៅនេះ លោក Yang Jiechi ជាមន្ត្រីការទូតជាន់ខ្ពស់ចិនបានជួបជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសចិនលោកស្រី Khek Caimealy Sysoda និងឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិនលោក Khamphao Ernthavanh នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនេះផងដែរ ភាគីចិន លោក Yang សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានមានប្រសាសន៍ថា ទំនាក់ទំនងចិន-កម្ពុជា ក៏ដូចជា​ ចិន-ឡាវ បានឈានចូលដំណាក់កាលថ្មីមួយគឺ យុគសម័យនៃការកសាងសហគមន៍ជាមួយអនាគតរួម។

លោកបានបន្តថា បណ្តាប្រទេសនានាគួរតែបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកលើនយោបាយ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមគ្នាប្រឆាំងនឹងជំងឺរាតត្បាត រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ដោយឡែក ក្នុងឱកាសដែលកម្ពុជាមានឋានៈជាប្រធានប្ដូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រទេសចិនបានបង្ហាញការគាំទ្រដល់កម្ពុជា ហើយមានឆន្ទៈក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីសម្រេចឱ្យបាននូវកិច្ចអភិវឌ្ឍល្អក្នុងតំបន់ ក៏ដូចជាសម្រេចបាននូវសមិទ្ធផលនានា តាមរយៈទំនាក់ទំនងល្អរវាងគ្នានិងគ្នា។

ឯកអគ្គរដ្ឋទូតកម្ពុជា និងឡាវ​បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមទាំងការចូលរួមចំណែកយ៉ាងធំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមក។  យ៉ាងណាមិញ កម្ពុជា ក៏ដូចជាភាគីឡាវ បានលើកឡើងថា ប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសចិន ព្រមទាំងគាំទ្រលើជំហរដ៏រឹងមាំរបស់ប្រទេសចិនលើផលប្រយោជន៍ស្នូល និងបញ្ហាអន្តរជាតិសំខាន់ៗ ហើយកម្ពុជា​ និងឡាវ នឹងទន្ទឹងរង់ចាំការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗទៀត ពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរួមគ្នានៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ។  .

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរបានបញ្ជាក់ថា កម្ពុជា និងឡាវនឹងជំរុញយ៉ាងសកម្មដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងរួមគ្នាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Xinhua, CGTN
រូបភាព៖ China-Cambodia ralations