សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យមន្ត្រីក្រសួងមហាផ្ទៃទាំងអស់ពន្លឿនការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋ
កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ តែងចាត់ក្រុមការងារតាមដានអំពីបញ្ហារបស់ប្រជាពលរដ្ឋ និងផ្ដល់ជូននូវដំណោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់។
ដោយយោងទៅតាម សម្ដេច ក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន២៦៩គណនី។
យ៉ាងណាមិញ ជុំវិញបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៨ គណនី និង១៣៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
សម្ដេច ស ខេង បានបញ្ជាក់ថា «វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។ ជាមួយគ្នានេះ ខ្ញុំសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហានិងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ»។
ជាមួយគ្នានេះដែរ សម្ដេចបានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានា តាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
នេះបានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ បានសម្ដែងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាជនយើង មិនថាជាបញ្ហាតូចឬធំ ទន្ទឹមនឹងនេះក៏ជាចំណែកមួយធានាឱ្យបានថាពលរដ្ឋនឹងទទួលបានភាពយុត្តិធម៌ក្នុងសង្គមជាតិមួយនេះ ពោលគឺផ្ដល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់ពលរដ្ឋគ្រប់រូប មិនថាស្រុកទេសស្ថិតក្នុងកាលៈទេសៈណានោះឡើយ៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister