រដ្ឋមន្ត្រីក្រសួងការងារ បំពេញបេសកម្មផ្ដល់ភាពស្របច្បាប់ជូនបងប្អូនពលករខ្មែរនៅប្រទេសថៃក្នុងកម្មវិធីសង្ក្រាន្តខ្មែរ


ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធាន គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ  និងធ្វើការនៅប្រទេសថៃ  បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមនឹងក្រុមនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ  ក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូប តាំងពីបុរាណកាលមក។ ពិធីប្រពៃណីនេះទៀតសោត បង្ហាញពីទឹកចិត្តស្រឡាញ់វប្បធម៌ ប្រពៃណីជាតិខ្មែរ ស្មារតីសាមគ្គីជាតិ ទោះជាខ្មែរទៅដល់ទីណា ក៏នៅតែស្នេហាជាតិខ្មែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះ ឯកឧត្ដមឯកអគ្គរាជទូត និងសហការីដែលបានខិតខំបំពេញ ភារកិច្ចការទូតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជិតខាងល្អ កម្ពុជា-ថៃ ទាំងផ្នែក សេដ្ឋកិច្ច អប់រំ វិស័យការងារជាដើម ដែលបានផ្ដល់ឱកាសដល់និស្សិតកម្ពុជាបានសិក្សា និងក៏ជាឱកាសមួយទៀតសម្រាប់ពលករកម្ពុជា បានធ្វើការទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារបានមួយកម្រិតដែរ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ប្រតិភូដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ មានសមាសភាពមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ  ស្ថានទូត ដែលជាតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រួមនឹងក្រុមការងារ ដើម្បីបំពេញបេសកកម្មផ្ដល់ភាពស្របច្បាប់ជូនបងប្អូនពលករកម្ពុជាយើងនៅប្រទេសថៃ  ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ លើវិស័យការងារ  ដោយចាប់ផ្តើមប្រតិបត្តិការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់។ ការងារនេះ ជាភារកិច្ចបន្តពីប្រតិបត្តិការលើកមុន និងដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងបរិបទកូវីដ-១៩។ ភារកិច្ច របស់ក្រុមការងារផ្ដល់ភាពស្របច្បាប់លើកនេះ គឺបន្តសុពលភាពលិខិតធ្វើដំណើរ (TD)  និងប័ណ្ណការងារនៅបរទេស (OCWC) ជូន ពលករខ្មែរដែលផុតសុពលភាព។ ក្នុងបរិបទដែល កូវីដ-១៩ រាលដាលខ្លាំង កន្លងទៅ ការបន្តសុពលភាពជួបការលំបាក ដោយសារប្រទេសកម្ពុជា និងព្រះរាជាណាចក្រថៃ បានអនុវត្តនូវវិធានការសុខាភិបាលដ៏តឹងរ៉ឹង។ ដោយកិច្ចសហការល្អ រវាងប្រទេសទាំងពីរ ភាគីថៃ បានចេញប័ណ្ណពណ៌ស៊ីជម្ពូដែលអាចរស់នៅ និងធ្វើការស្របច្បាប់បាន ។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខលំបាករបស់បងប្អូនរួមជាតិខ្មែរ ក្នុងដំណាក់កាល កូវីដ-១៩ និងសូមកោតសរសើរ ដល់ស្ថានទូត ដែលបានយកចិត្តទុកដាក់សហការល្អ ជាមួយខាងភាគីថៃ ដោះស្រាយបញ្ហាប្រឈមនានា របស់បងប្អូនខ្មែរយើង ធ្វើអោយពលរដ្ឋ ដែលរស់នៅប្រទេសថៃ បានទទួលសេវាសុខាភិបាល ដូចប្រជាជនថៃ និងជនបរទេសទាំងអស់ដែរ ក្នុងនោះ ភាគច្រើនក៏បានទទួលការចាក់វ៉ាក់សាំង ។ ខណៈ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងមានការព្រួយបារម្ភ ពីសុខុមាលភាពរបស់បងប្អូនពលករយើងនៅក្រៅប្រទេសជាប់ជាប្រចាំ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ អុិត សំហេង – Ith Samheng