ការស្នើភាសាម៉ាឡេជាភាសាផ្លូវការក្នុងតំបន់អាស៊ាន ទំនងជាមិនគ្រាន់តែទាក់ទងនឹងភាសាប៉ុណ្ណោះទេ!


នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីរវាងម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនៅវិមានរដ្ឋកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានស្នើលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko “Jokowi” Widodo  ក្នុងការប្រើភាសាម៉ាឡេជាភាសាទីពីរបន្ទាប់ពីភាសាអង់គ្លេសក្នុងអាស៊ាន។

យោងទៅតាមមាត្រា ៣៤ នៃធម្មនុញ្ញអាស៊ាន បានកំណត់ភាសាអង់គ្លេសជាភាសាការងារសម្រាប់ក្រុមចម្រុះ។ ដោយឡែកការស្នើឱ្យប្រើប្រាស់ភាសាម៉ាឡេជាភាសាទី២នេះ ធ្វើឱ្យរដ្ឋមន្ត្រីការបរទេស Retno LP Marsudi និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យា Nadiem Makarim មិនគាំទ្រប៉ុន្មានទេចំពោះគំនិតផ្តួចផ្តើមនេះ។

យ៉ាងណាមិញ គំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីម៉ាឡេក្នុងសំណើនេះ គឺមិនត្រូវបានដឹងពីមូលដ្ឋាននៃគំនិតច្បាស់លាស់របស់លោកឡើយ។ ដ្បិតភាសាម៉ាឡេត្រូវបាននិយាយនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ក៏ដូចជាផ្នែកខ្លះនៃប្រទេសថៃ កម្ពុជា និងហ្វីលីពីនក៏ដោយ  ប៉ុន្តែសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា អាចនឹងលើកការសង្ស័យថា ចេតនាពិតរបស់សំណើនេះ មិនគ្រាន់តែទាក់ទងនឹងភាសាប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានគេមើលឃើញថាវាជារបៀបវារៈលាក់កំបាំងសម្រាប់ឧត្តមភាពជនជាតិ។

លោកប្រធានាធិបតី Jokowi បានឆ្លើយតបនឹងគំនិតរបស់ភាគីម៉ាឡេដោយស្នាមញញឹម បង្កប់ដោយភាពស្ទាក់ស្ទើរក្នុងការទទួលយកសំណើនេះ។ ជុំវិញបញ្ហានេះដែរ មេដឹកនាំម៉ាឡេស៊ី ក៏នឹងមានឱកាសលើកឡើងជាផ្លូវការនូវគំនិតរបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ។  បន្ទាប់មកទៀត នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រីបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ រឿងប្រាកដមួយគឺ នៅពេលដែលសំណើត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាន នោះវិសោធនកម្មធម្មនុញ្ញអាស៊ានត្រូវតែបង្កើតឡើង ដែលកំណត់យ៉ាងច្បាស់ថាភាសាអង់គ្លេសជាភាសាការងាររបស់អង្គការ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ The Jakarta Post