​«អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើយកតំបន់សៀមរាបធ្វើជាទីផ្សារអចលនទ្រព្យ»


នាព្រឹកថ្ងៃច័ន្ទទី៤ ខែមេសា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងសមិទ្ធផលនៃការស្ដារកែលម្អដងស្ទឹងសៀមរាប ក្នុងខេត្តសៀមរាប។

សម្ដេចតេជោ បានថ្លែងសុន្ទរកថា​សាទរចំពោះសមិទ្ធផលថ្មីក្នុងឆ្នាំ២០២២ នាទឹកដីខេត្តសៀមរាប ក៏ដូចជាអរគុណដល់មន្ត្រីពាក់ព័ន្ធ និងប្រជាជនពលរដ្ឋដែលបានចូលរួមសហការក្នុងការរៀបចំសាងសង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពជោគជ័យ។ សម្ដេច បានបញ្ជាក់ថា « បណ្ដាផ្លូវនៅទីរួមខេត្តសៀមរាបគឺមានឈ្មោះទាំង៣៨ខ្សែ ដែលប្រមូលផ្ដុំទាំងនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និង ឥស្សរជនសំខាន់ៗដែលបានឆ្លងកាត់ការវិវត្តនៅក្នុងការកសាងទីក្រុងនេះ និងរួមចំណែកទៅដល់ដំណើរការកសាងសន្តិភាពរបស់ប្រទេស»។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេច  ក៏បានលើកឡើងពីដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបទាំងមូល។ ជុំវិញបញ្ហានេះដែរ មានមតិមួយចំនួនបង្ហាញការយល់ឃើញថា នៅសៀមរាបមិនអាចអភិវឌ្ឍបានដោយសារ ការរាំងស្កាត់ដោយអាជ្ញាធរមិនឱ្យសាងសង់ផ្ទះខ្ពស់។ ឆ្លើយតបទៅនឹងមតិលើកឡើងនេះ   សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា« មិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារ អចលនទ្រព្យដូចជាខេត្តដទៃទេ បើសិនជាធ្វើដូច្នោះកម្ពុជានឹងត្រូវគេបណ្ដេញចេញ ដោយយកអង្គរវត្តរបស់យើងចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ»។  សម្ដេចមានប្រសាសន៍ថា« សូមអ្នកទីផ្សារអចលនទ្រព្យ សូមមើលព្រៃទាំងមូល កុំមើលឈើ មួយដើមៗ ដូចជាបញ្ហា ការចង់ឡើងថ្លៃដីធ្លីនៅតំបន់អង្គរដែលរដ្ឋមិនអនុញ្ញាត បើសិនកម្ពុជាបំពានលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកទាំងនៅអង្គរវត្ត សំបូរព្រៃគុក និងប្រាសាទព្រះវិហារដែលយើងកំពុងតែរៀបចំសំណុំឯកសារទាំងឡាយដាក់តំបន់មួយចំនួនផ្សេងទៀតដើម្បីចូលជាបញ្ជីបេតិកភណ្ឌពិភពលោក»។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន បានស្នើឱ្យ អង្គការអន្តជាតិ យូណេស្កូ ក៏ដូចជាប្រទេសជាដៃគូដែលយល់ព្រមធ្វើជាសហប្រធាន ICC គឺមានជប៉ុន និងបារាំងដែលត្រៀមចុះហត្ថលេខារយៈពេល១០ឆ្នាំបន្ថែមទៀតគឺកុំមានការស្ទាក់ស្ទើរអ្វីឡើយ។  រីឯអ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងឡាយ សូមកុំធ្វើការសាងសង់កៀកតំបន់អង្គរ ដោយទៅរកកន្លែងផ្សេងជំនួសវិញ។ ប្រជាជនទាំងអស់គ្នាគួររួមចំណែក អភិរក្សសម្បត្តិវប្បធម៌ដូនតាដែលជាបេតិកភណ្ឌបែបប្រវត្តិសាស្ត្ររបស់ខ្មែរយើង៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister