សៀមរាបនឹងប្រែក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ខណៈជប៉ុនទទួលយកសំណើក្នុងការជួយលើកិច្ចការនេះ
ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏សំខាន់នៃភ្ញៀវជាតិ អន្តរជាតិ។ ទីក្រុងវប្បធម៌មួយនេះ បានបន្តការរីកចម្រើនឥតឈប់ឈរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំ ការស្ថាបនាផ្លូវជាច្រើនខ្សែ និងផ្នែកសេវាកម្មសម្រាប់បម្រើវិស័យទេសចរណ៍យ៉ាងសម្បូរបែប។ បន្ថែមលើនេះ ក៏ជាការលើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីឱ្យសក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាប្រភពនៃស្នូលសេដ្ឋកិច្ចជាតិកម្ពុជា។
យ៉ាងណាមិញ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ខេត្តសៀមរាបបានទទួលរងនូវវិបត្តិពីជំងឺកូវីដ-១៩ ជាពិសេសគឺវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះ បាត់បង់ការងារស្ទើរតែទាំងស្រុង ជាហេតុនាំឱ្យសេដ្ឋកិច្ចជាតិមានការធ្លាក់ចុះ។
ដោយឡែកកាលពីពេលថ្មីៗនេះ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប លោក ហ្គាវា ហ្គុជិ។ ក្នុងជំនួបនេះផងដែរ លោកអភិបាលរងខេត្តបានក៏បានលើកឡើងពីបញ្ហានេះ ព្រមទាំងបានគូសបញ្ជាក់ពី គោលជំហររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ ហើយនឹងធ្វើឱ្យទីក្រុងសៀមរាបក្លាយជាក្រុងគំរូ ក្នុងតំបន់អាស៊ាន ជាក្រុងវៃឆ្លាត ប្រកបទៅដោយបច្ចេកវិទ្យា។ ឆ្លើយតបទៅនឹងអ្វីដែលឯកឧត្តមបានលើកឡើងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះ។
នេះបង្ហាញឱ្យឃើញថា សៀមរាបបាននឹងកំពុងវិវត្តខ្លួនមួយកម្រិតថែមទៀត ផ្ដល់លទ្ធភាពឱ្យចរន្តសេដ្ឋកិច្ចនៃខេត្តនេះ កាន់តែមានភាពល្អប្រសើរ ព្រមទាំងអំណោយផលដល់អាជីវកម្មទាំងឡាយ ឱ្យស្ទុះងើបឡើងវិញ និងត្រឡប់ទៅរកប្រក្រតីភាព។
ទន្ទឹមនឹងនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ខេត្តសៀមរាបមានរៀបចំកម្មវិធីសៀមរាបសង្រ្កានដល់ទៅពីរទីតាំង ក្រៅពីព្រឹត្តិការណ៍សង្ក្រាននៅសៀមរាប យើងក៏នៅមានសង្រ្កាននៅខេត្តផ្សេងៗ ក្នុងនោះ «បុណ្យភូមិ» ក៏បានវិលត្រឡប់មកជាថ្មីម្ដងទៀតដែរ ជាមួយនឹងទិដ្ឋភាព និងសកម្មភាពប្លែកភ្នែកជាច្រើន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានចូលរួមទទួលយកនូវភាពសប្បាយរីករាយ ក្នុងឱកាសទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ មួយវិញទៀត ការរៀបចំនេះ ក្នុងបំណងសំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ ព្រមទាំងអាចឱ្យបងប្អូនអាជីវករអាចរកចំណូលបានពីព្រឹត្តិការណ៍នេះ ក្រោយអាក់ខានរៀបចំរយៈពេល២ឆ្នាំមកនេះ៕
ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប, BonnPhum បុណ្យភូមិ