សៀវភៅប្រមាណ១០០០ក្បាល នឹងត្រូវចែកជូនសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍«ទិវាសៀវភៅកម្ពុជា» រួមទាំងការលក់បញ្ចុះតម្លៃរហូតដល់៧០%
ឆ្លើយតបទៅនឹងការវិវត្តនៃពិភពលោក យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ទាមទារឱ្យមានចំណេះ ដឹងពិតប្រាកដទូលំទូលាយ ក្នុងការដើរតួជាកត្តាលីករជំរុញឱ្យមានវឌ្ឍនភាពជាតិ និងឆ្ពោះទៅមុខជាលំដាប់។ យ៉ាងណាមិញ ការអានត្រូវបានទទួលស្គាល់ជាសកលថា ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការបណ្ដុះនូវពុទ្ធិរបស់មនុស្ស ឱ្យក្លាយទៅជាកោសិកាដ៏ចាំបាច់ក្នុងប្រព័ន្ធសង្គម។ ទន្ទឹមនឹងនេះ យន្តការជំរុញឱ្យមានការចាប់អារម្មណ៍លើការអាន កាន់តែមានភាពសកម្មទាំងស្ថាប័នរដ្ឋ រួមទាំងឯកជន។
ដោយឡែក ក្នុងឱកាសអបអរខួប២៥ឆ្នាំ នៃទិវាសៀវភៅពិភពលោក គណៈកម្មការរៀបចំ សមាគមអ្នកនិពន្ធខ្មែរ បណ្ណាល័យបញ្ញាវន្ត(Scholar Library) គ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយ Bkusiness Record និងបណ្ដាដៃគូសហការដទៃទៀត នឹងនាំមកជូនព្រឹត្តិការណ៍ដ៏ពិសេសមួយគឺ «ទិវាសៀវភៅកម្ពុជា» ជាលើកដំបូងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន WOWNOW ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២២ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរកតេជោ។
គោលបំណងសំខាន់នៃ «ទិវាសៀវភៅកម្ពុជា» គឺជំរុញការផ្សព្វផ្សាយសៀវភៅក្នុងស្រុក និងអន្តរជាតិឱ្យបានទូលំទូលាយ ជំរុញវប្បធម៌អាន និងការស្រឡាញ់សៀវភៅ លើកកម្ពស់ការអាន និងវប្បធម៌រៀនសូត្រឯករាជ្យ។ ហើយព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានយុទ្ធនាការចែកសៀវភៅចំនូន១,០០០ក្បាល រួមទាំងការតាំងពិពណ៌សៀវភៅចំនួន៤៨ស្តង់ ព្រមទាំងមានការលក់សៀវភៅបញ្ចុះតម្លៃជូនរហូតដល់៧០%។ ទន្ទឹមនឹងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកនិពន្ធល្បីៗជាច្រើនររូប និងគ្រឹះស្ថានបោះពុម្ភផ្សាយធំៗក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Cambodia Book Day ទិវាសៀវភៅកម្ពុជា