ក្រូចពោធិ៍សាត់ នៅតែជាដំណាំដ៏ពេញនិយម និងមានទីផ្សារខ្ពស់
កម្ពុជាជាប្រទេសដែលអំណោយផលដល់ការដាំដុះដំណាំច្រើនប្រភេទ ទាំងបែបឧស្សាហកម្ម និងកសិកម្ម។ ក្នុងនោះ ក្រូចពោធិ៍សាត់គឺជាដំណាំហូបផ្លែមួយប្រភេទដែលត្រូវបានប្រជាជនខ្មែរនិយមដាំដុះ ហើយកំពុងមានតម្រូវការទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែងប្រជាជនក្នុងខេត្តពោធិ៍សាត់បានចាត់ទុកថាដំណាំក្រូចគឺជាប្រភពនៃសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់មួយហេតុនេះហើយ ទើបមានការដាំដំណាំនេះឡើងសឹងតែគ្រប់គ្នា។ ការដាំក្រូចពោធិ៍សាត់អាចទទួលបានផលល្អ ក៏អាស្រ័យលើបច្ចេកទេសក្នុងការដាំដុះមើលថែទាំឱ្យបានត្រឹមត្រូវទៅតាមតំបន់ឬ ស្ថានភាពដីដែលគេដាំដុះ ។
លោក សឿន វណ្ណៈ សព្វថ្ងៃរស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់ ដែលគ្រួសារលោកបានប្រកបរបរដាំក្រូចពោធិ៍សាត់ច្រើនឆ្នាំមកហើយនោះ បានប្រាប់ឱ្យដឹងពីបច្ចេកទេសដាំក្រូចថា« ជាទូទៅពូជក្រូចគឺអាចទិញជាពូជផ្សាំមែកក៏បានដែរ និងត្រូវរង់ចាំពី២ទៅ២ឆ្នាំកន្លះគឺអាចប្រមូលផលបាន។ ឯ ពូជតកូន គឺជាពូជដែលគេយកក្រូចឆ្មាជប៉ុនទៅបណ្ដុះ នៅពេលវាធំសមល្មមគឺគេកាត់ក្រូចឆ្មាជប៉ុនចោល ដោយយកមែកក្រូចពោធិ៍សាត់ទៅផ្សាំជំនួស ការដាំពូជបែបនេះចំណាយពេលចន្លោះពី ៤ទៅ៤ឆ្នាំកន្លះទើបទទួលបានផល»។
ក្រូចពោធិ៍សាត់អាចដុះលូតលាស់ល្អបំផុតគឺដាំនៅតំបន់ដីល្បាប់ ឬ ដីល្បាយខ្សាច់។ ជាក់ស្ដែង ចម្ការក្រូចលោក គឺជាដីប្រភេទល្បាប់ពណ៌ខ្មៅមានជីវជាតិស្រាប់ ដូចនេះមុនដាំ គឺមានការភ្ជួររាល់ត្រឹមតែ២ដងប៉ុណ្ណោះ បន្ទាប់មកមានកាប់រណ្ពៅតូចៗ មានលាយជីកំប៉ុសខ្លះរួចដាក់ដាំតែម្ដង។ នៅពេលក្រូចដុះលូតលាស់ហើយ ដោយសារ ដីមានលក្ខណៈសើមអំណោយផលល្អនោះ ការស្រោចស្រពធ្វើឡើងត្រឹម២ថ្ងៃម្ដង ព្រមទាំងមានការថែទាំបន្ទាប់បន្សំ ដូចជាការជំរះស្មៅ ការប្រើប្រាស់ជីធម្មជាតិមានជីកំប៉ុស លាមកសត្វ និងមានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លះៗផងដែរ។
លោក វណ្ណៈ បញ្ជាក់ផងដែរថា« នៅរដូវប្រមូលផល ក្រូចពោធិ៍សាត់នៅតែមានតម្លៃទីផ្សារល្អជានិច្ចមិនថាតែលក់រាយ ឬបោះដុំនោះទេ ហេតុដូចនេះប្រជាជននៅភូមិព្រងិល ស្រុកភ្នំក្រវាញនេះ មិនតិចជាង៥០ភាគរយឡើយ គឺជ្រើសរើសរបរដាំក្រូចលក់ ព្រោះវាសមស្របនឹងលក្ខណៈដីផង និងត្រូវតាមតម្រូវការនៃអ្នកបរិភោគផង ដែលជាផ្នែកមួយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនមួយកម្រិតផងដែរ»។ លោកបានបន្តថា« អ្នកភូមិព្រងិល មានគ្រួសារខ្លះដាំក្រូចរាប់ហិចតាសម្រាប់លក់ ព្រោះវាបានផលល្អនិងងាយរកទីផ្សារ លើសពីនេះគេក៏មានដាំដំណាំផ្សេងៗទៀតដែរ ដូចជា ចន្ទី ដំឡូងមី ស្វាយជាដើម»។ តួយ៉ាង លោកផ្ទាល់ក្រៅពីក្រូចពោធិ៍សាត់ ដែលដាំនៅលើផ្ទៃដីជាងមួយហិចតាហើយ ក៏នៅមានដាំដុះស្រូវ អំពៅ និងដំឡូងមីបន្ថែមទៀតផងដែរ ដែលដំណាំទាំងនេះលោកអាចរកចំណូលបានយ៉ាងសមរម្យសម្រាប់ទ្រទ្រង់ជីវភាពរស់នៅក្នងគ្រួសារ។ យ៉ាងណាមិញលោក សឿន វណ្ណៈ នៅតែមានបំណងក្នុងការពង្រីកផ្ទៃដីដាំដុះក្រូចពោធិ៍សាត់បន្ថែមទៀតដើម្បីផ្គង់ផ្គង់តម្រូវការទីផ្សារក្រូចនៅក្នុងស្រុកនេះ។
តម្រូវការកសិផលក្នុងស្រុកមិនត្រឹមតែជួយឱ្យសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយក្នុងការជួយជំរុញឱ្យសេដ្ឋកិច្ឋជាតិ ឱ្យមានវឌ្ឍនភាពអាស្រ័យ ដោយបច្ចេកទេសដាំដុះ បច្ចេកទេសច្នៃប្រឌិត និងការចេះប្រមើល មើលតម្រូវការទីផ្សារបច្ចុប្បន្នផងដែរ៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA