|

«លក្ខណៈអច្ឆរិយមួយ កើតឡើងតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ»


ដោយយោងទៅតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ព្រឹត្តិការណ៍ពិសេស «ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត»  នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» នេះមានន័យថា ជារយៈពេលដែល ពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។ 

លោក អ៉ឹម សុខរិទ្ធី ជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា  បានឱ្យដឹងថា៖ សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ គឺចំថ្ងៃទី២១ ខែមីនា នៅប្រហែលចាប់ពីម៉ោង៦:៣០នាទីព្រឹក។ អ្នកបុរាណវិទូដដែល បញ្ជាក់ទៀតថា៖ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។

លោកបានពន្យល់បន្តថា៖ ត្បិតសមរាត្រី គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងកើតមាននៅក្នុងពិភពលោក ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត មិនមែនជាសមរាត្រីដែលកើតឡើងដោយចៃដន្យទេ គឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ បុព្វបុរសខ្មែរ ត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លីការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿ។

យ៉ាងណាមិញព្រឹត្តិការណ៍ ថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាភាពអច្ឆរិយមួយដែលកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។  គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ព្រះអាទិត្យបានរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕

ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖​ BRANDMEDIA
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ