គួរបន្តថ្នាក់អនុបណ្ឌិតទេ នៅពេលបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ?
អក្សរសាស្ត្រខ្មែរគឺជាជំនាញមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស-និស្សិតភាគច្រើននាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំរួច គោលដៅបន្ទាប់នៃនិស្សិតអក្សរសាស្ត្រខ្មែរមួយចំនួនធំ គឺបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ក្នុងនោះភូមិន្ទភ្នំពេញ ត្រូវបានគេដឹងថា ជាសាកលវិទ្យាល័យដ៏ចំណាស់និងលេចធ្លោមួយក្នុងចំណោមសាកលវិទ្យាល័យផ្សេងទៀតដែលបណ្ដុះបណ្ដាលលើការសិក្សាថ្នាក់Masterនេះ។
លោក សួន កុសល្យ ជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរមួយរូប និងបច្ចុប្បន្នកំពុងសិក្សាថ្នាក់អនុបណ្ឌិត ជំនាញភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការចែករំលែកនូវបទពិសោធចំណេះដឹង ទាក់ទងនឹងការចូលរៀនថ្នាក់អនុបណ្ឌិតសម្រាប់ប្អូនៗថ្នាក់អក្សរសាស្ត្រខ្មែរជំនាន់ក្រោយថា៖ « ក្រោយបានប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលភូមិន្ទភ្នំពេញ នៅកំឡុង៣ខែបន្ទាប់ខាងសាកល នឹងមានការជូនដំណឹងស្ដីពីការដាក់ពាក្យ និងបញ្ជាក់ជំនាញ ចូលរៀនអនុបណ្ឌិត ឬអាចតាមដានព័ត៌មានតាមដេប៉ាតឺម៉ង់បន្ថែម។ មួយវិញទៀត និស្សិតអក្សរសាស្ត្រខ្មែរ គឺអាចរៀនជំនាញនៅក្នុងថ្នាក់អនុបណ្ឌិតតាមភាពខ្លាំងរបស់ខ្លួនហើយមានច្រើនជំនាញដែលអាចរើសបានមានដូចជាៈ ជំនាញភាសាវិទ្យា, ជំនាញអក្សរសិល្ប៍, ជំនាញចិត្តវិទ្យា, និងមានជំនាញជាច្រើនទៀតដែលស្ថិតក្នុងផ្នែកសង្គមសាស្ត្រនិងមនុស្សសាស្ត្រ»។
លោកបានបញ្ជាក់ផងដែរថា៖ «ប្រសិនបើចង់រៀនអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ, វិទ្យាសាស្ត្រអប់រំ, រដ្ឋបាលអប់រំ,ច្បាប់គឺបានដូចគ្នា ប៉ុន្តែត្រូវស្ថិតនៅលើលក្ខខណ្ឌនៃមុខជំនាញនោះដែលតម្រូវឱ្យរៀនសងនូវមុខវិជ្ជាដែលមិនធ្លាប់បានរៀននៅថ្នាក់បរិញ្ញាបត្រ»។
ដោយឡែក ដំណើរការនៃការចូលរៀនគឺត្រូវប្រលងប្រជែង ទៅលើមុខជំនាញដែលបានរើស និងមានភាសាអង់គ្លេសផងដែរ។ ចំពោះលោកផ្ទាល់ដែលសិក្សាជំនាញភាសាវិទ្យាគឺត្រូវចំណាយថ្លៃសិក្សាក្នុងមួយឆ្នាំ ៨០០ដុល្លារ ហើយត្រូវសិក្សារយៈពេល២ឆ្នាំ។ នៅពេលបញ្ចប់ការសិក្សាគឺមានជម្រើស២សម្រាប់បេក្ខជនដែលសិក្សាថ្នាក់អនុបណ្ឌិត ទី១ប្រសិនបើមានGPAក្រោម3. បេក្ខជនត្រូវសរសេររបាយការណ៍ស្រាវជ្រាវនិង ត្រូវប្រលងបញ្ចប់ជាមុនសិន។ ទី២ ចំពោះបេក្ខជនដែលមានGPA ចាប់ពី3. ឡើងគឺត្រូវសរសេរនិក្ខេបទប៉ុណ្ណោះមិនមានការប្រលងចេញទេ។ បន្ថែមពីលើនេះទៀតករណី បេក្ខជនដែលសរសេររបាយការណ៍ស្រាវជ្រាវ ឬ និក្ខេបទពុំជោគជ័យនៅរយៈពេលសិក្សា២ឆ្នាំ បេក្ខជនក៏នៅមានឱកាសរហូតដល់ទៅ៦ឆ្នាំឯណោះ ផុតអំពីនេះគឺត្រូវរៀនថ្នាក់អនុបណ្ឌិតសារថ្មីឡើងវិញ។ សម្រាប់និស្សិតដែលមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក៏អាចឈានទៅសិក្សាកម្រិតអនុបណ្ឌិតនេះនៅក្រៅប្រទេសបានទៀតផង។ លោកបានសង្កត់ធ្ងន់ថា៖ «និស្សិតអក្សរសាស្ត្រខ្មែរដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ បញ្ចប់ថ្នាក់Master Degree ឱ្យតែមានសមត្ថភាពពិតប្រាកដជាទូទៅតែងទទួលបានឱកាសការងារច្រើន អាចធ្វើជាគ្រូបង្រៀននៅគ្រប់កម្រិត ការងារគ្រប់គ្រងផ្នែករដ្ឋបាល ផ្នែកសរសេរសារព័ត៌មាន ផ្នែកតែងនិពន្ធ ផ្នែកត្រួតពិនិត្យអត្ថបទ របាយការណ៍ ឬអ្នកស្រាវជ្រាវជាដើម អ្វីដែលសំខាន់គឺត្រូវប្រឹងរៀនឱ្យមានជំនាញច្បាស់លាស់សិន»។
ជាចុងក្រោយ លោកនៅតែលើកទឹកចិត្តដល់និស្សិតអក្សរសាស្ត្រខ្មែរជំនាន់ក្រោយថា៖« បើសិនខ្លួនឯងមានចំណូលចិត្តចង់រៀនបន្ត និងមានធនធានល្មមសមរម្យហើយគួរតែសិក្សាបន្ត ត្បិតឱកាសការងារក្នុងសង្គមក៏មានច្រើនអាស្រ័យទៅតាមកម្រិតនៃចំណេះដឹងរបស់យើងផងដែរ»៕
ដោយ៖ ផេង ផល្លា
កែសម្រួលដោយ៖ BRANDMEDIA