អាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលជាមួយបណ្ដាប្រទេសអាស៊ាននៅខែមីនានេះ


កាលពីថ្ងៃចន្ទកន្លងទៅនេះ សារព័ត៌មានអន្តរជាតិមួយបានឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយជាមួយមេដឹកនាំនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍​ ដែលមានកម្ពុជាជាប្រធាន នៅទីក្រុងវ៉ាស៊ីនតោននៅខែមិនានេះ។

Photo: Joe Biden

កិច្ចប្រជុំនៃសមាជិកអាស៊ានទាំង១០ នឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២នេះ ជាឱកាសប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន ហើយត្រូវបានគេរំពឹងថា នេះក៏ជាឱកាសដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្លុកអាស៊ានយើងផងដែរ។

ព្រមជាមួយគ្នានេះ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅពេលដែលលោក ប្រធានាធិបតី Joe Biden  បានព្យាយាមធ្វើឱ្យទំនាក់ទំនងនៅអាស៊ីប៉ាស៊ីហ្វិក ក្លាយជាអាទិភាពគោលនយោបាយការបរទេស ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីប្រទេសចិនដែលជាសត្រូវខាងយោធា និងសេដ្ឋកិច្ចរបស់អាម៉េរិក។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Anthony Blinken បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិបត្តិដែលបណ្ដាលមកពីការកាន់កាប់យោធាកាលពីឆ្នាំមុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបញ្ហាដូចជា ការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិក្រោយជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ។

គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំកំពូលកាលពីខែតុលាអាម៉េរិកបានប្រកាសពីការចំណាយថ្មីរបស់ខ្លួនចំនួនជាង ១០០លានដុល្លារ ទៅក្នុងបណ្ដាប្រទេសអាស៊ានលើកម្មវិធីសុខភាព គំនិតផ្ដួចផ្ដើម កម្មវិធីជួយដល់ការស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ និងកម្មវិធីសម្រាប់ប្រព័ន្ធអប់រំផងដែរ។ លោកប្រធានាធិបតី Jo Biden បានសន្យាឈរជាមួយអាស៊ាន ក្នុងការការពារសេរីភាពនៃដែនសមុទ្រ លទ្ធិប្រជាធិបតេយ្យ ហើយចាប់ផ្ដើមការពិភាក្សា លើការបង្កើតក្របខណ្ឌសេដ្ឋកិច្ចក្នុងតំបន់នៅដើមឆ្នាំ២០២២នេះ៕

ដោយ៖ ផាត់ គឹមឆែ

កែសម្រួលដោយ៖ ​BRANDMEDIA

ប្រភព៖ 7 news.com.au, ABC news