សម្ដេច ហ៊ុន សែន «ខ្ញុំនៅតែរក្សាទស្សនទាន គឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ»
សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក ហើយបញ្ហានេះក៏ជាអ្វីដែលបណ្ដាប្រទេសអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រមើលមើលដំណោះស្រាយដ៏សមស្របមួយរវាងភាគីទាំងពីរ។ ក្នុងនោះបណ្ដាប្រទេសមួយចំនួន បាននឹងកំពុងបញ្ជូនកម្លាំងរបស់ប្រទេសខ្លួន ដើម្បីជួយដល់ភាគីអ៊ុយក្រែន ក្នុងការទប់ទល់ជាមួយរុស្ស៊ីដែលកំពុងវាយលុកចូល។ ជុំវិញបញ្ហានេះ កម្ពុជាបានបង្ហាញការមិនគាំទ្រនោះទេ ព្រោះកម្ពុជាធ្លាប់បានទទួលបទពិសោធន៍អាក្រក់ និងវិនាសកម្មយ៉ាងច្រើនហើយ អំពីសង្រ្គាម។
ចំណុចនេះគេអាចយល់បាននូវទស្សនៈវិស័យ នៃកិច្ចការបរទេសរបស់កម្ពុជា ដោយបច្ចុប្បន្ន ជម្លោះការវាយប្រហារពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន វាកំពុងក្លាយទៅជាអឺរ៉ុបនីយកម្មសង្រ្គាម ជាមួយរុស្ស៊ីទៅហើយ ដោយសារវាជាការវាយប្រហារពីរុស្ស៊ីទៅអ៊ុយក្រែនមុន ក៏ប៉ុន្តែឥឡូវនេះចំណោទបញ្ហាស្ថិតនៅត្រង់ ប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងកម្លាំងទ័ព អាវុធ រួមទាំងយន្តហោះចម្បាំងឱ្យទៅជួយច្បាំងអ៊ុយក្រែន។ មានតែប្រទេស២ប៉ុណ្ណោះ គឺប៉ូឡូញ និងហុងគ្រី ដែលបដិសេធមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែង។ បើដូច្នោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតទេ តែនឹងជាសង្រ្គាមរុស្សី និងអឺរ៉ុប នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ នាព្រឹកថ្ងៃពុធ ទី១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ សម្ដេចបានលើកឡើងទាក់ទងនឹងបញ្ហាចម្រូងចម្រាសនេះ ដោយមានប្រសាសន៍ថា «ខ្ញុំនៅតែរក្សាទស្សនៈទាន គឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ» ។ សម្ដេចបានបញ្ជាក់ថា គោលជំហររបស់យើងតាំងពីដើមមក គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំងពីភាគីមួយ ប្រឆាំងនឹងភាគីមួយទៀត។ នេះជាគោលជំហរជាផ្លូវការរបស់យើង ព្រោះនេះជាការចង់បានរបស់យើង ដែលសម្ដេចធ្លាប់ថ្លែងនៅឯអង្គការសហប្រជាជាតិ ធ្លាប់ថ្លែងនូវចលនា មិនចូលបក្សសម្ព័ន្ធ ធ្លាប់ថ្លែងនៅវេទិកាត្បូងឃ្មុំ ដោយយើងជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងភាគីមួយទៀត។
សម្ដេចបន្តថា តាមរយៈការផ្ដល់ជំនួយយោធា និងយន្តហោះជាដើម នេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម។ ហើយសង្គ្រាមនេះ នឹងអូសបន្លាយពេលកាន់តែយូរដែលនឹងនាំឱ្យភាគីទាំងសងខាងហូរឈាមរាល់ថ្ងៃ។ នេះជាអ្វីដែលកម្ពុជា មិនលើកទឹកចិត្តឱ្យធ្វើបែបនេះទេ ហើយយើងក៏មិនលើកទឹកចិត្តក្នុងការផ្ដល់ជំនួយដល់ភាគីណាមួយដែរ។ ដូច្នេះ កម្ពុជាក៏ពិបាកក្នុងការប្រកាន់ឥរិយាបថដែរក្នុងកាលៈទេសៈនេះ។
សម្ដេចបានបញ្ជាក់ថា នេះជាការយល់ឃើញផ្ទាល់ខ្លួន មិនមែនជាការយល់ឃើញ ក្នុងនាមជាប្រធានអាស៊ានទេ ដ្បិតអាស៊ានបានចេញសេចក្ដីថ្លែងការរួចមកហើយជុំវិញបញ្ហានេះ គឺអំពាវនាវឱ្យមានការចរចា ហើយអាស៊ានជឿជាក់ថា នៅតែមានផ្លូវសម្រាប់ការចរចាដោយត្រឹមត្រូវមួយរវាងភាគីជម្លោះទាំងពីរ ដែលធានាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA ប្រភព៖ Samdech Hun Sen, Cambodian Prime minister