កម្ពុជាបន្តរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលមានជម្លោះ


ដោយ៖ ផាត់ គឹមឆែ

នៅថ្ងៃទី២០ ខែកុម្ភៈ កម្ពុជាបានបន្តបញ្ជូនកងរក្សាសន្តិភាពលើកទី៨ នៃកងរក្សាសន្តិភាពចំនួន២១៩នាក់ ក្នុងនោះស្រី២៣នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។

ថ្លែងក្នុងពិធីចេញដំណើរដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានមានប្រសាសន៍ថា កងទ័ពនេះនឹងជំនួសកងកម្លាំងក្រុមទី៧ ដែលបានបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំនៅក្នុងប្រទេស។  ឯកឧត្តមបានបន្តថា ក្រុមវិស្វកម្មយោធានឹងធ្វើការលើការបោសសម្អាតមីន និងការចោលគ្រាប់រំសេវផ្ទុះ ក៏ដូចជាការសាងសង់ផ្លូវ ស្ពាន កន្លែងបោះជំរុំ និងអណ្តូង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា «វាជាមោទកភាពមួយទៀតសម្រាប់ជាតិ និងកងទ័ពរបស់យើង ហើយជាថ្មីម្តងទៀត វាឆ្លុះបញ្ចាំងពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលមានជម្លោះ» ។ ឯកឧត្តមក៏បានណែនាំឲ្យកងទ័ពទាំងអស់ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងវិន័យរបស់អង្គការសហប្រជាជាតិ ក្រមសីលធម៌នៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ។

ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា នេះ ជាឆ្នាំទី៨ ហើយ កម្ពុជាបានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងវិស្វកម្មពហុជំនាញលេខ៤៣២ ទទួលបានទំនុកចិត្តនិងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយជម្លោះដូច  បណ្តាកងមុនៗដែរ។

កងរក្សាសន្តិភាពទាំងអស់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-១៩ គ្រប់គ្នា ហើយបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺមុនពេលពួកគេចាកចេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសអាស៊ីអាគ្នេយ៍នេះ បានបញ្ជូនកងទ័ពជាលើកដំបូងទៅក្រៅប្រទេសក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៦។ រហូតមកដល់ពេលនេះ ប្រទេសនេះបានបញ្ជូនកងរក្សាសន្តិភាពសរុបជាង ៨,២០០នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព, China.org.cn