ជប៉ុនជំរុញឱ្យកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ២០២៣តាមបែបប្រជាធិបតេយ្យ និងសហការចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា
ដោយ៖ ផាត់ គឹមឆែ
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់អនាគតអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីរបស់កម្ពុជានៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនចង់ឱ្យកម្ពុជារៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយតាមរបៀបប្រជាធិបតេយ្យ។ ក្នុងជំនួបរយៈពេលមួយម៉ោងនៅទីក្រុងតូក្យូ លោក ហាយ៉ាស៊ី និងឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំនេះ បានបញ្ជាក់ពីការសម្របសម្រួលក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នេះបើយោងតាមក្រសួងការបរទេស។
លោក Hayashi បានប្រាប់ឯកឧត្តម ហ៊ុនម៉ាណែត ថាជប៉ុននឹងផ្តល់ជំនួយច្រើនតាមដែលអាចធ្វើទៅបានដើម្បីឲ្យការបោះឆ្នោតសកលនៅឆ្នាំ២០២៣និង ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅខែមិថុនាឆ្នាំនេះនឹងប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ និងតាមរបៀបដែលឆ្លុះបញ្ចាំងសេរីភាពនៃសំឡេងឆ្នោតផ្សេងៗគ្នារបស់ប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពកម្ពុជាក្នុងវ័យ៤៤ឆ្នាំ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច កាលពីចុងខែធ្នូ បានប្រកាសតែងតាំងជាអនាគតបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី បន្ទាប់ពីការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលចង់ឱ្យលោកធ្វើជាមេដឹកនាំបន្ទាប់។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រាប់លោក Hayashi អំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានធ្វើដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់រដ្ឋធានី Naypyitaw របស់ប្រទេសនេះកាលពីខែមករា ដើម្បីពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing ។
លោក Hayashi បានសរសើរដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែននៅប្រទេសមីយ៉ាន់ម៉ា ថាជាកិច្ចខិតខំប្រឹងប្រែងវិជ្ជមានក្នុងការដោះស្រាយស្ថានការណ៍។ទន្ទឹមគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
ថ្លែងនៅក្នុងកិច្ចប្រជុំ បើកចំហរចំពោះប្រព័ន្ធផ្សព្វផ្សាយ លោក Hayashi ក៏បានបញ្ជាក់ផងដែរថា «ទំនាក់ទំនងជប៉ុន-កម្ពុជា គឺរឹងមាំខ្លាំងណាស់ ដូច្នេះខ្ញុំជឿជាក់ថា យើងអាចសហការយ៉ាងជិតស្និទ្ធលើបញ្ហាប្រឈមនានាសម្រាប់សហគមន៍អន្តរជាតិ រួមទាំងបញ្ហាមីយ៉ាន់ម៉ាផងដែរ»។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសជប៉ុនចំពោះសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងតូក្យូ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ ខណៈឆ្នាំនេះជាខួបលើកទី៣០ នៃការបញ្ជូនបុគ្គលិកកងកម្លាំងស្វ័យការពារមកកម្ពុជា ដែលជាករណីដំបូងនៃការចូលរួមរបស់ SDF ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Kyodo News+, Stars and Stripes