រដ្ឋមន្ត្រីក្រសួងការងារវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន NPIC
ដោយ៖ ផេង ផល្លា
កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណៈប្រឹក្សាភិបាលនៃកម្មវិធី «មុខរបរ និងការងារ សមរម្យរបស់ យុវជននៅកម្ពុជា ដំណាក់កាលទី២» ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ជា សហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២ ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀតបានអញ្ជើញចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ដែលជាវិទ្យាស្ថានធ្លាប់មានកិច្ចសហប្រតិបត្តិការលើគម្រោងសាកល្បងរួមមាន គ្រឿងម៉ាស៊ីន កែច្នៃបន្លែផ្លែឈើ អាហារ និងការដុតនំ។
គណៈប្រតិភូក៏បានអញ្ជើញចុះទៅពិនិត្យមើលរោងជាងរបស់វិទ្យាស្ថាន ដូចជាបន្ទប់ មេកានិច បន្ទប់អគ្គិសនី បន្ទប់មេកាត្រូនិច១ បន្ទប់មេកាត្រូនិច២ បណ្ណាល័យ សាលបញ្ញាសប្បនិមិ្មត និងមន្ទីរពិសោធន៍ចំណីអាហារ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តមបណ្ឌិត អុិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ទៅដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ដែលមានកម្មវិធីបណ្ដុះបណ្ដាលបានយ៉ាងល្អទៅដល់សិស្សនិស្សិតនៅពេលដែលពួកគេបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានកន្លងមក គឺតែងទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពការងាររបស់ខ្លួន។ សិស្សនិសិ្សតដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអាចមានសមត្ថភាពគ្រប់គ្រងផលិតកម្មឲ្យក្រុមហ៊ុនធំៗ ឯមួយចំនួនទៀត ក៏បើកជាអាជីវកម្មលក្ខណៈឯកជនផ្ទាល់ខ្លួនហើយទទួលបានការរីកចម្រើន និងមានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។
បន្ទាប់ពីបានចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកវិទ្យា NPIC រួចមក គណៈប្រតិភូក៏បានអញ្ជើញចុះទៅពិនិត្យនៅតាមទីតាំងមួយចំនួនទៀតដែលជាដៃគូអនុវត្តគម្រោងនៃកម្មវិធីមានដូចជា ក្រុមហ៊ុន អិនវី ស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corporation Co.,Ltd) ដែលជាក្រុមហ៊ុនផលិតទឹក បរិសុទ្ធវិតាល់។ សម្រាប់ភាពជាដៃគូក្រុមហ៊ុនបានជ្រើសរើសសិស្សនិស្សិតចេញពី វិទ្យាស្ថាន NPIC ដើម្បីបម្រើការក្នុងក្រុមហ៊ុន រួមទាំងសិស្សដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បង លើសមត្ថភាពជំនាញគ្រឿងម៉ាស៊ីន ការកែច្នៃបន្លែផ្លែឈើ និងការដុតនំ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលកំពុងមានការដំណើរការផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ