រកឃើញប្រភេទជីវៈចម្រុះមួយចំនួនមានការកើនឡើងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ


ដោយ៖ ផាត់ គឹមឆែ

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុក បុរីជលសារ និងស្រុកកោះអណ្ដែតខេត្តតាកែវ។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដែលជាដៃគូ បានយកចិត្តទុកដាក់ ព្រមទាំងបាននឹងកំពុងអនុវត្តគម្រោងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានធ្វើទស្សនកិច្ចស្វែងយល់ពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើមនៅតំបន់ការពារទេសភាពព្រែកល្ពៅ។ ក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នយើងបាននឹងកំពុងអនុវត្តសកម្មភាពសំខាន់ៗ៤គឺ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ សិក្សាវាយតម្លៃលើប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្ត្រផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទើបធ្វើឱ្យតំបន់នេះមានការកើនឡើងនូវប្រភេទជីវៈចម្រុះមួយចំនួន ជាពិសេសសត្វចង្កៀងខ្យង ដែលកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនចំនួនយ៉ាងតិច២១៨៦ក្នុងឆ្នាំ២០២០ ខណៈពួកវាមានចំនួន១០០ក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០០៣។ លើសពីនេះទៀត ឃើញមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជ ដូចជាសត្វចាបព្រៃវែង និងត្រដក់ធំ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងធ្វើការជាមួយក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធក្នុងការរៀបចំផែនការគ្រ​ប់គ្រង ការបោះបង្គោលព្រំប្រទល់ ការចុះបញ្ជីដីរដ្ឋ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ធម្មជាតិជាដើម ក្នុងគោលបំណងដើម្បីធានាដល់និរន្តរភាពនៃការអភិរក្ស ការ​ប្រើប្រាស់ដ៏ឈ្លាសវៃនូវតំបន់ដីសើម សម្រាប់លើកកម្ពស់ជីវភាពសហគមកន៍មូលដ្ឋាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា ​និងសម្បូរទៅដោយជីវចម្រុះជាច្រើនប្រភេទ ក្នុងនោះមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ​ និងរុក្ខជាតិទឹក៣០ប្រភេទ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ក្រសួងបរិស្ថាន