តើសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងវិញដល់កម្រិតណាក្នុងឆ្នាំ២០២២នេះ?
កូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាតិកម្ពុជា។ សុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២១ បានកន្លងផុតទៅ ហើយការព្យាករសម្រាប់ឆ្នាំ២០២២ត្រូវបានកំណត់ឡើង។
ការបិទរោងចក្រ និងការរំខានផ្នែកដឹកជញ្ជូនក្នុងអំឡុងពេលការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ បានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ដែលនាំឱ្យការនាំចេញធ្លាក់ចុះ ៦.៥ ភាគរយ។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ដែលជាប្រភពចំណូល (GDP) ច្រើនជាងគេរបស់កម្ពុជា គឺការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ហើយអាជីវកម្មក្នុងវិស័យនេះ ជិត៣០០០បានផ្អាកសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។
ជាការឆ្លើយតប រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់អាជីវករ គ្រួសារ និងកម្មករដែលត្រូវការជំនួយ។ នៅពេលដែល នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបើកដំណើរការឡើងវិញទាំងស្រុង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបង្ហាញពីអត្រានៃការទទួលការចាក់ថ្នាំបង្ការដែលមានល្បឿនយ៉ាងលឿន។ ប្រមាណ៨៨ ភាគរយនៃចំនួនប្រជាជនកម្ពជាសរុប បានទទួលវ៉ាក់សាំងបង្ការ ក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ នៅលើពិភពលោក និងនៅពីក្រោយប្រទេសសិង្ហបុរី តែមួយគត់ក្នុងចំណោមប្រទេសអាស៊ាន។
ដោយទទួលបានរង្វាស់នៃការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដោយសារតែការរៀបចំកិច្ចគាំពារសង្គមឡើងវិញដែលកំពុងបន្ត និងអ្វីដែលត្រូវបានចាត់ទុកថាជាការទប់ស្កាត់ដោយជោគជ័យនៃការផ្ទុះឡើងនាពេលថ្មីៗនេះ។ ជុំវិញបញ្ហានេះ ស្ថាប័នហិរញ្ញវត្ថុធំៗ បានចេញការព្យាករកំណើនវិជ្ជមានសម្រាប់ឆ្នាំ២០២២។ យោងតាមបច្ចុប្បន្នភាពចុងក្រោយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Outlook សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងដល់៥.៥ ភាគរយនៅឆ្នាំ២០២២នេះ ដែលជាតួលេខដែលស្របទៅនឹងការព្យាករណ៍របស់អ្នកវិភាគហិរញ្ញវត្ថុផ្សេងទៀត ក្នុងចន្លោះ ៤.៧-៦.៩ ភាគរយ។ ក្នុងនោះ ធនាគារពិភពលោក(World Bank) បានព្យាករថាកម្ពុជានឹងកើនឡើង ៤.៥ភាគរយ នៅឆ្នាំនេះ និង៥.៥ភាគរយនៅឆ្នាំក្រោយ។
ប្រភពដដែលបានបន្តថា ស្ថានភាពកម្ពុជាស្រដៀងនឹងចុងឆ្នាំ២០២០។ ការដកមួយផ្នែករបស់សហភាពអឺរ៉ុប(EU) បង្ហាញពីការបាត់បង់ការអនុគ្រោះពន្ធ ២០ភាគរយ សម្រាប់ផលិតផលកម្ពុជា និងមានការធ្លាក់ចុះចំពោះការនាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ប៉ុន្តែនេះ ទំនងជានឹងត្រូវប៉ះប៉ូវ ដោយការកើនឡើងនៃការនាំចេញរបស់កម្ពុជាដែលបានរំពឹងទុកដោយសារការកើនឡើង នៃតម្រូវការរបស់ចិនសម្រាប់ផលិតផលកសិកម្ម និងការរីកលូតលាស់នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញទៅកាន់សហរដ្ឋអាមេរិក។ ជាពិសេស គឺភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានគេរំពឹងថា នឹងផ្ដល់ផលល្អចំពោះសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងផែនការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ រដ្ឋាភិបាលបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រក្នុងការសម្រេចឱ្យបាននូវកំណើនប្រកបដោយចីរភាព។ យ៉ាងណាមិញ ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជា ត្រូវបានលាតត្រដាងថា អាទិភាពស្នូលសម្រាប់អាស៊ាន នឹងផ្ដោតជាសំខាន់លើកិច្ចសហប្រតិបត្តិការសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតសកល៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Eurasia Review, Vietnam Plus, World Bank