សម្ដេច ហ៊ុន សែន ផ្ដាំទៅប្រជាជនមីយ៉ាន់ម៉ាថា«តទៅជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយអាស៊ាន»
ដោយ៖ ផាត់ គឹមឆែ
ថ្មីៗនេះ ក្រោយដំណើរត្រឡប់ពីទស្សនកិច្ច និងជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាមួយប្រទេសមីយ៉ាន់ម៉ាជុំវិញបញ្ហាបទឈប់បាញ់នៅមីយ៉ាន់ម៉ា មានមតិចម្រូងចម្រាស់ជាច្រើនរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលសម្ដែងប្រតិកម្មមិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ ហើយមានការវែកញែក និងមតិលើកឡើងពីចេតនារបស់ថ្នាក់ដឹកនាំកម្ពុជា យ៉ាងពុះកញ្រ្ជោលពីមជ្ឈដ្ឋានអ្នកវិភាគក្នុង និងក្រៅស្រុក។
ជុំវិញបញ្ហានេះ សម្ដេចបានលើកឡើងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ច ក៏ដូចជាកិច្ចពិភាក្សាពីបទឈប់បាញ់នៅមីយ៉ាន់ម៉ា គឺមិនមែនក្នុងនាមជាកម្ពុជាទេ តែក្នុងភាពជាប្រធានអាស៊ាន ដែលមាននាទីចូលទៅសម្របសម្រួលនូវបទឈប់បាញ់ គឺការគ្មានអំពើហិង្សា គ្មានប្រដាប់អាវុធ។
ក្នុងនោះសម្ដេច បានបញ្ជាក់ថា អាស៊ានមិនអាចលើកកម្លាំងដោយគ្មានការយល់ព្រមពីមីយ៉ាន់ម៉ាទេ ពោលគឺមីយ៉ាន់ម៉ាក៏ត្រូវមានវិធានការជុំវិញបញ្ហានេះ ហើយមីយ៉ានម៉ា ក៏ដូចជាសមាជិកអាស៊ានទាំងអស់គួរបង្កើតនូវយន្តការមួយ ដើម្បីដំណោះស្រាយដ៏សមស្របមួយសម្រាប់មីយ៉ាន់ម៉ា ដែលកម្ពុជា គ្រាន់តែបើកផ្លូវក្នុងភាពជាប្រធានអាស៊ានតែប៉ុណ្ណោះ។
មួយវិញទៀត សម្ដចបានបន្តថា សម្ដេចមិនប្រកាន់ចំពោះឥរិយាបថរបស់ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនតូច ដែលបញ្ចេញប្រតិកម្មវាយប្រហារនោះទេ ព្រោះកម្ពុជាមិនចង់បានអ្វីពីមីយ៉ាន់ម៉ាទេ ការបញ្ឈប់អំពើហិង្សា និងកិច្ចចរចារបទឈប់បាញ់នៅមីយ៉ាន់ម៉ាគឺជាតួនាទីរបស់ប្រធានអាស៊ាន។ ហើយរឿងចម្រូងចម្រាស់នៅមីយ៉ាន់ម៉ា មិនអាចបញ្ចប់នៅឆ្នាំ២០២២នេះ នេះ គឺនឹងត្រូវធ្លាក់ទៅដល់ដៃប្រធានអាស៊ានបន្ទាប់ មានឥណ្ឌូនេស៊ីជាដើម។
សារដ៏មានអត្ថន័យមួយ ដែលសម្ដេចបានផ្ញើទៅកាន់ប្រជាជនមីយ៉ាន់ម៉ាគឺ«តទៅជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយអាស៊ាន» ព្រោះគ្មានអ្វីដែលសំខាន់ជាងការសង្គ្រោះជីវិតមនុស្សនោះឡើយ។ នេះក៏ព្រោះកម្ពុជារងទុក្ខ និងមានបទពិសោធន៍ច្រើនពេកហើយជាមួយនឹងបញ្ហាសង្រ្គាមកន្លងមក។ ជាមួយគ្នានេះ យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក គឺធ្វើក៏ខុស មិនធ្វើក៏ខុស តែយើងនៅតែជ្រើសរើសធ្វើតួនាទីនេះ។ «អ្នកណាប្រឆាំងនឹងបញ្ហាបទឈប់បាញ់នេះគឺចង់ឱ្យមានមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម។ អ្នកណា ប្រឆាំងនឹងការផ្ដល់ជំនួយមនុស្សធម៌ គឺចង់ឱ្យមនុស្សស្លាប់ដោយ អត់បាយ អត់ថ្នាំពេទ្យ និងវ៉ាក់សាំងការពារជាដើម នេះបើតាមការប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister