«អាស៊ាននឹងបើកទេសចរណ៍ក្នុងតំបន់ឡើងវិញ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា»
ដោយ៖ ផាត់ គឹមឆែ
នៅថ្ងៃទី ១៦ ដល់ទី២២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF ២០២២) ដែលនឹងប្រព្រឹត្តិទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF ២០២២នេះ សម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍(ស្ដង់) កម្មវិធីបើក និងកម្មវិធីបិទ សម្រាប់កម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្ដើរៗស្របតាមវិធានការសុវត្ថិភាព។
លើសពីនេះទៀត រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ និងមន្ត្រីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិ ចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៍ទេសចរណ៍(TRAVEX) មានអ្នកលក់(Sellers) សរុបចំនួន១៨៧ស្ដង់ អ្នកទិញ(Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះអ្នកទិញអន្តរជាតិ(International Buyers)ចំនួន១០០ ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។
ជុំវិញការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធី និងនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា អាស៊ាននឹងយកឱកាសនេះប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញចេញពីប្រទេសកម្ពុជាតែម្ដង។
គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២ ខាងលើនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសចំនួន៩ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ព្រុយណេ និងហ្វីលីពីន ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍