«ការវិនិយោគរបស់ចិននៅកម្ពុជាឈរលំដាប់ទី១ ដោយគិតត្រឹមឆមាស១នៃឆ្នាំ២០២១»
ដោយ៖ ផាត់ គឹមឆែ
ទំនាក់ទំនងកម្ពុជាចិន ជាទំនាក់ទំនងមិត្តភាពប្រពៃណី ដែលមានតាំងពីយូរអង្វែងមក។ សហប្រតិបត្តិការលើវិស័យនានា មានភាពស្អិតរមួត ក្នុងន័យជួយជំរុញគ្នាទៅវិញទៅមក ទៅរកការអភិវឌ្ឍរួមគ្នាក្នុងភាពជាមិត្ត និងជាដៃគូនៃប្រទេសទាំងពីរ។ ក្នុងនោះកិច្ចសហការគ្នាលើវិស័យសេដ្ឋកិច្ច ការវិនិយោគនៃប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ពិតជាការចូលរួមចំណែកដែលមិនអាចខ្វះបាន សម្រាប់សេដ្ឋកិច្ចជាតិ ពិសេសចំពោះកម្ពុជា។
ជាក់ស្ដែង កាលពីថ្ងៃទី០១ មករា ឆ្នាំ២០២២ថ្មីៗនេះ មានពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអណត្តិទី២នៃសមាគមន៍សហគ្រាសជាំង ស៊ូ នៅកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ សម្ដេច ក្រឡាហោម បានលើកឡើងពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ក្នុងបរិបទនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩នេះ បានមកពីការចូលរួមចំណែកដ៏សំខាន់នៃក្រុមហ៊ុន សហគ្រាសរបស់ចិន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិនទាំងមូល ក្នុងសកម្មភាពវិនិយោគ សកម្មភាពមនុស្សធម៌ ការគាំទ្រការងារសង្គមនៅកម្ពុជា ធ្វើឱ្យកម្ពុជាអាចដំណើរការឡើងវិញនូវវិស័យសេដ្ឋកិច្ច និងសង្គមដូចបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ដែលមិត្តចិន បានចូលរួមចំណែកជួយដល់កម្ពុជា គឺការផ្ដល់ជំនួយ ក៏ដូចជាចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រហូតសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងល្អ ឈានដល់ការអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅកម្ពុជា និងមានលទ្ធភាពបើកដំណើរការសកម្មភាពសេដ្ឋកិច្ច ព្រមទាំងវិស័យនានាឡើងវិញយ៉ាងសកម្ម។
ទន្ទឹមនឹងនេះ បើយើងក្រឡេកមើលកិច្ចសហការគ្នាលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ចិន សម្រេចបានលទ្ធផលដ៏ល្អ ដោយការវិនិយោគរបស់ចិននៅកម្ពុជា ឈរនៅលំដាប់ទី១ ហើយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ប្រាំពាន់លានដុល្លារ កើនឡើង៣១% បើធៀបនឹងឆ្នាំ២០២០។
ចំនួននេះ រាប់ថាជាសមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នា។ យ៉ាងណាមិញ កម្ពុជា-ចិន នឹងបន្តរួមគ្នា រួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ ដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ខាងមុខ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង៕
រូបភាព៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Krolahom Sar Kheng